Friday, July 27, 2018

ប្រការត្រូវប្រុងប្រយ័ត្ន ទាក់ទងនឹងគ្រោះទឹកជំនន់

១. មុន​ទឹក​ជំនន់
ត្រូវ​តាម​ដាន​ស្ថានភាព​ទឹកជំនន់ ត្រៀម​ទី​ទួល​សុវត្ថិភាព និង​ស្បៀង​អាហារ ធ្វើ​របង​ព័ទ្ធ​ស្រះ ឬ​កន្លែង​ដែល​មាន​ទឹក​ជ្រៅ​ ជាដើម។
២. អំលុង​ពេល​មាន​ទឹក​ជំនន់
  • មិន​ត្រូវ​នៅ​ក្នុង​ផ្ទះ​ចាស់ៗ ឬ​ទ្រុឌទ្រោម ព្រោះ​អាច​នឹង​​បាក់​បង្ក​គ្រោះថ្នាក់
  • មិន​ត្រូវ​ប៉ះពាល់​គ្រឿង​ប្រើប្រាស់​អគ្គិសនី ដោយ​ដៃ​សើម ឬ​ពេល​ឈរ​ក្នុង​ទឹក
  • នៅ​ពេល​ធ្វើ​ដំណើរ​តាម​ទូក ឬ​កាណូត​នៅ​ពេល​យប់​ត្រូវ​មាន​ភ្លើង​បំភ្លឺ។ល។
  • ត្រូវ​សម្រាន្ត​ក្នុង​មុង​គ្រប់​ពេល ដើម្បី​បង្ការ​ជំងឺ​គ្រុនចាញ់ គ្រុនឈាម និង​ជំងឺ​ផ្សេងៗ
  • ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​កុមារី និង​ក្មេង​ស្រី​ នៅ​ទី​ទួល​សុវត្ថិភាព ក្រែង​មាន​អំពើ​ហិង្សា​ផ្លូវ​ភេទ។
៣. ក្រោយ​ពេល​ទឹក​ជំនន់
បន្ត​បរិភោគ​ចំណី​អាហារ​ស្អាត ទឹក​ស្អាត​មាន​អនាម័យ និង​អនាម័យ​ខ្លួន​ប្រាណ ដើម្បី​ចៀស​វាង​នូវ​ជំងឺ​ផ្សេងៗ៕

Wednesday, July 25, 2018

​លោកប៉ាគួរដឹងទោះអ្នកម៉ាក់មិននិយាយ៖ កិច្ចការដែល​​ភរិយាមាន​ផ្ទៃ​ពោះចង់បានពីស្វាមី

១. ជួយ​ដោយមិនបាច់សុំ
ការពពោះស្រូបថាមពល ហើយក៏កាត់បន្ថយកំលាំងទៀតផង។ នារីជាភរិយាអាចនឹងមកដល់ផ្ទះភ្លាម គេងលក់ភ្លាមក្រោយពីចេញពីធ្វើការ។ ដោយសារតែការលូតលាស់របស់ទារកធ្វើអោយគាត់អស់កំលាំង ហើយធ្វើការមិនបានច្រើននិងរហ័សដូចមុន។ គាត់ត្រូវចំណាយពេលច្រើនជាងមុនដើម្បីធ្វើកិច្ចការក្នុងទំហំដែលគាត់ធ្លាប់ធ្វើ នេះជាហេតុផលដែលនាំអោយស្រ្តីខ្លះ គេងមិនគ្រប់គ្រាន់។ ស្វាមីគួរព្យាយាមធ្វើកិច្ចការនានាជុំវិញផ្ទះដែលអ្នកធ្លាប់ឃើញប្រពន្ធអ្នកធ្វើ។ នៅពេលឃើញផ្ទះមិនសូវរញ៉េរញ៉ៃ ប្រពន្ធអ្នកអាចនឹងព្រមសំរាកខ្លះ។

២.​ ភរិយាថ្មី ប្តីក៏ថ្មី
ដើម្បីកូន ម្តាយនឹងលះបង់នូវចំណូលចិត្ត និងទំលាប់ផ្សេងៗដែលអាចបង្ករបញ្ហាដល់ទារកក្នុងផ្ទៃ។ ស្រ្តីខ្លះ ព្យាយាមផ្តាច់បារី ស្រា ហើយសូម្បី តែនិងកាហ្វេ។ នាងនឹងខំប្រឹងផ្លាស់ប្តូរទំលាប់រស់នៅអោយមានសុខភាពល្អ។ ចូលរួមជាមួយប្រពន្ធ ក្នុងការរស់នៅជាមួយនឹងទំលាប់ថ្មី ជីវភាពថ្មី បែបបទជីវិតថ្មី ស្ថានភាពថ្មី។ នេះជាការផ្តល់កំលាំងចិត្តអោយនាង ក៏ដូចជាបង្ហាញអោយនាងដឹងថា អ្នកក៏ខ្វល់ខ្វាយពីសុខភាពរបស់នាង និងកូនដូចគ្នាដែរ។

៣. បង្កើនចំណេះដឹងរបស់ខ្លួន
​អ្នកគួរស្រាវជ្រាវ អានសៀវភៅ ទទួលការណែនាំពីមនុស្សចាស់ ពិភាក្សាជាមួយមនុស្សជុំវិញ។ អ្នកគួរស្វែងយល់ពីអ្វីដែលអ្នកត្រូវរំពឹង ទាក់ទងនឹងការពពោះ និងការសំរាល។ ធ្វើបែបនេះ អ្នកនឹងក្លាយជាស្វាមី និងលោកប៉ាដ៏គួរអោយទុកចិត្ត និងពឹងផ្អែកបាន។ ប្រពន្ធអ្នកនឹងមានទំនុកចិត្ត ហើយស្មារតីពពោះនឹងរឹងមាំ។

៤. ពេលដែលនាងត្រូវការអ្នក អ្នកតែងតែនៅក្បែរនាង
ជាការពិត មនុស្សស្រីពពោះ តែងត្រូវការមនុស្សនៅក្បែរ ព្រោះមានកិច្ចការជាច្រើន ដែលនាងមិនអាចធ្វើដោយខ្លួនឯង រឺមិនអាចធ្វើតែម្នាក់​ឯងបាន។ វាហាក់ដូចជាហួសហេតុ បើអ្នកត្រូវនៅក្បែរនាងរហូតនោះ។ តែពេលវេលាសំខាន់ៗមួយចំនួនពិតជាត្រូវការវត្តមានអ្នកនៅក្បែរនាងខ្លាំងជាងធម្មតាមែន ដូចជា ការទៅពិនិត្យសុខភាព ការទៅតាមដានការលូតលាស់របស់កូន ការទៅទិញសំភារៈសំរាប់សំរាល និងសំរាប់ទារក។ អ្នកគួររៀបពេលប្រចាំអាទិត្យ ដើម្បីអង្គុយជាមួយនាង និយាយទៅរកកូនជាមួយគ្នា។ ត្រូវបង្ហាញថា អ្នកចង់នៅក្បែរនាងនិងកូន ហើយអ្នកស្រលាញ់ ចង់ថែរក្សា និងចិញ្ចឹមកូន។ ត្រូវអោយនាងទុកចិត្តថា អ្នកនឹងនៅក្បែរនាង នៅពេលវេលាដែលនាងខ្លាច។

៥. សរសើរថាប្រពន្ធស្អាត
សម្រស់​មនុស្ស​ស្រី មាន​ការ​ប្រែប្រួល​​​ពេល​កំពុង​មាន​ផ្ទៃ​ពោះ។ នាង​​ពិត​ជា​មាន​ការ​បារម្ភ​ពី​​ស្នាម​សង្វារ ការ​ឡើង​ទម្ងន់ ឬ​ក៏​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ចាស់​ជាង​មុន។ ហេតុ​នេះ​ហើយ ស្វាមី​គួរ​ចេះ​សរសើរ​ប្រពន្ធ ធ្វើ​ឲ្យ​​នាង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ព្រម​ទាំង​បញ្ជាក់​ឲ្យ​​នាង​បាន​ដឹង​ថា អ្នកស្រលាញ់នាងប៉ុណ្ណា។

៦. ងូតទឹក និងជួយម៉ាស្សាអោយនាង
ការងូតទឹកក្តៅ ជួយបន្ធូរអារម្មណ៍ បន្ថយសំពាធរាងកាយ ជួយអោយគេងលក់ និងបំបាត់ការឈឺចាប់តាមរាងកាយ។ ការជួយដុសខ្នងអោយនាង ក៏ជារឿងដែលនាងត្រូវការបំផុតដែរ ព្រោះនាងពិបាកខ្លាំងក្នុងការឈោងទៅដុះខ្នង។ នាង​តែង​​ស្ពឹក​ស្រពន់ ត្រង់​ប្រអប់ជើង ឈឺ​រោយ​ឆ្អឹងខ្នង​​​ជាដើម ដូច្នេះ​ដល់​ពេល​ដែល​អ្នក​ត្រូវ​បញ្ចេញ​​​ជំនាញ​​របស់​អ្នក​ហើយ។ ពេល​​ដែល​​ម៉ាស្សា​ទៅ​​​​ នាង​​ប្រាកដ​ជា​បានធូរ​ស្រាល​ច្រើន។​ វាបញ្ជាក់ថា អ្នកបារម្ភ និងយកចិត្តទុកដាក់ពីនាងកំរិតណា។

៧. ស្តាប់​ ​ពិភាក្សា អធ្យាស្រ័យ​ និងផ្តល់អាទិភាពដល់​នាង
​ពេល​ពោះ​​ធំ​អ័រម៉ូន​មាន​ការ​​​ប្រែប្រួល អារម្មណ៍​មនុស្ស​ស្រី​​ឡើងចុះ​មិន​ទៀង ពេល​ខ្លះ​សប្បាយ​​ហើយ​ពេល​ខ្លះ​ក៏​ខឹង​ឆេវឆាវ​មួយ​រំពេច។ មិន​ត្រូវ​ប្រកាន់​ខឹង​នាង ហើយ​ព្យាយាម​ស្តាប់​ពេល​ដែលនាង​និយាយ​​រៀប​រាប់ប្រាប់​ពី​​សុខ​ទុក្ខ​ទាំង​ឡាយ។ មានបញ្ហាខ្វល់ខ្វាយ ក្តីបារម្ភជាច្រើន ដែលអ្នកទាំងពីរកំពុងទុកក្នុងចិត្ត។ ការលើកវាមកពិភាក្សាគ្នា នឹងនាំអោយយើងយល់ពីគ្នាកាន់តែច្បាស់ ហើយអាចលួងលោមគ្នាទៅវិញទៅមកបាន។ ប៉ុន្តែ អារម្មណ៍មនុស្សស្រីនៅពេលពពោះ អាចនឹងឡើងចុះលឿនជាងមនុស្សធម្មតា ហេតុនេះ ភាគីស្វាមីគួរផ្តល់អាទិភាពអោយនាង ទោះការនិយាយ ការស្តាប់ និងការពិភាក្សាគ្នាក៏ដោយ។

8. បង្កើត​អនុស្សាវរីយ៍​ល្អៗជាមួយ​នាង
កុំគិត​ថា​​ពេល​ប្រពន្ធពោះ​ធំ​​ហើយ មិន​ចង់​នាំ​​ចេញ​ដើរ​ទៅ​ណា​មក​ណា​ជាមួយ។ វា​ជា​រឿង​សំខាន់​ដែល​អ្នក គូរ​តែ​នាំ​​នាង​ដើរផ្សារ ទៅ​កន្លែង​ណា​ដែល​​មាន​ទេសភាព​​ស្រស់​បំព្រង ថតរូប​ឲ្យ​​បាន​​ស្អាតៗ ទុក​ជា​​អនុស្សាវរីយ៍​​មើល​រួម​គ្នា​ពេល​ចាស់​ទៅ។

៩. មើល​ថែទាំ​នាង
​​​ពេល​សម្រាល​កូន​រួច ត្រូវ​ចំណាយ​ពេល​យូរ ទម្រាំ​បាត់​ការ​ឈឺចាប់​ មាន​កម្លាំង​​កំហែង​និង​បាន​​រឹង​ដៃ​រឹង​ជើង​ឡើង​វិញ។ ជាពិសេស​អ្នក​ត្រូវ​​មាន​ការ​​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​នាង ស្វែង​​​រក​​អាហារ​ណា​ដែល​ល្អ​សម្រាប់​នាង ហើយ​មិន​ត្រូវ​ភ្លេច​និយាយ​ថា អ្នក​ស្រលាញ់​​នាង​ជានិច្ច។​​

រឿងដែលអ្នកគួរធ្វើដោយប្រុងប្រយ័ត្នជាមួយទារកទើបនឹងកើត

១. អោយកូនគេងផ្កាប់មុខ
ទារកជាច្រើន បានស្លាប់ដោយសារតែបរិយាកាស និងឥរិយាបថនៃការគេងមិនត្រឹមត្រូវ។  ការថប់ដង្ហើម និងការស្ទះចរន្តឈាម ជាមូលហេតុចំបងដែលបណ្តាលអោយទារកគេងផ្កាប់អាចមានគ្រោះថ្នាក់ដល់ជីវិត។
មានវិធីជាច្រើនសម្រាប់ឪពុកម្តាយ ក្នុងការរក្សាកូនដែលកំពុងគេងលក់អោយមានសុវត្ថិភាព។ អ្នកឯកទេសខាងទារកបានផ្តល់អនុសាសន៍ថា ទារកដែលមានសុខភាពល្អ គួរតែដាក់អោយគេងផ្ងារ។ ការដាក់អោយគេងផ្ងារ ជាកាយវិការគេងមានសុវត្ថិភាពបំផុតសំរាប់ទារក។
លោកប៉ាអ្នកម៉ាក់គួរតែដាក់កូនអោយផ្កាប់មុខខ្លះ នៅពេលដែលគេភ្ញាក់ដឹងខ្លួន។ ការអោយទារកគេងផ្កាប់ ជួយអោយសាច់ដុំក រឹងមាំ និងកាត់បន្ថយបញ្ហាក្បាលសំប៉ែតក្រោយ។ ប៉ាម៉ាក់គួរតែនៅជាមួយកូននៅពេលដែលដាក់អោយកូនគេងផ្កាប់ ហើយត្រូវប្រាកដថា កូនមិនមែនគេងលក់ទេ គឺគេនៅភ្ញាក់ដឹងខ្លួននៅឡើយ។

២. អោយមនុស្សគ្រប់គ្នាថើបកូន
ចូរគិតពីពពួកបាក់តេរី និងមេរោគដែលអាចមកប៉ះនឹងកូនតូចរបស់អ្នក។ មេរោគមួយចំនួនដែលមិនអាចបង្ករបញ្ហាដល់មនុស្សទូទៅ អាចបណ្តាលអោយមានបញ្ហាធ្ងន់ធ្ងរចំពោះទារកទើបនឹងកើតបាន។ ការថើប នឹងការកាន់ទារកទាំងដៃមិនស្អាត អាចចំលងជំងឺដល់ទារកបាន។ ប្រព័ន្ធភាពស៊ាំនៃរាងកាយទារកនៅខ្សោយ មិនទាន់អាចការពារពួកគេពីជំងឺនានាបានទេ។
អ្នកអាចសូមអោយអ្នកមកលេង លាងដៃមុននឹងកាន់ទារក ហើយសូមអោយគេងកុំថើបកូនរបស់អ្នក។ បើគេមានជំងឺ អ្នកអាចសូមអោយគេមកលេងនៅពេលក្រោយ។ មានវិធីគួរសមមួយចំនួនដែលលោកប៉ាអ្នកម៉ាក់អាចប្រើ ដើម្បីការពារកូនរបស់អ្នកបាន។ តែបើទោះបីជា ហួងហែងជ្រុល ប្រយ័ត្នប្រយ៉ែងហួស ក៏វាល្អជាងកូនឈឺដែរ ព្រោះអ្នកមិនគួរយកសុខភាពកូនតូចមកប្រថុយនោះទេ។

៣. ទុកអោយកូនស្លៀកសំលៀកបំពាក់ និងខោទឹកនោមប្រលាក់រយៈពេលយូរ
ស្តាប់ទៅដូចជារឿងមិនចាំបាច់និយាយ ប៉ុន្តែមានពេលខ្លះយើងត្រូវសង្កត់ធ្ងន់ចំពោះរឿងតូចតាចបែបនេះដែរ។ ទោះបីជាការប្រលាក់នោះ តិចមែនទែន តែទារកទើបនឹងកើតងាយប្រតិកម្មនឹងភាពកង្វក់ ហើយនិងទឹកនោមណាស់ គឺគេខ្សោយជាងទារក៦ខែយ៉ាងខ្លាំងតែម្តង។ សូមឧស្សាហ៍មើលខោទឹកនោមកូន ហើយបើមានទឹកនោមហើយ ឆាប់ដូរចេញភ្លាម កុំទុករហូតដល់សើមខ្លាំងអី។ វាអាចបង្ករអោយមានភាពធ្ងន់ មិនមានផាសុខភាព។ វាក៏អាចបង្ករជាការរមាស់ រលាក កន្តួលទៀតផង។

៤.ការស្លៀកពាក់ រឺគ្របដណ្តប់ច្រើនជាន់ពេក
ទារកទើបនឹងកើត អាចរងារដោយសារទើបនឹងប៉ះអាកាសធាតុខាងក្រៅ ប៉ុន្តែ អ្នកមិនគួររុំ រឺស្លៀកពាក់ក្រាស់ពេកនោះទេ។ ការស្លៀកពាក់ក្រាស់ពេកអាចបណ្តាលអោយកូនកើតគ្រុនក្តៅ និងខ្សោះជាតិទឹក បើអ្នកមិនបានពិនិត្យត្រឹមត្រូវ។ សំលៀកបំពាក់ និងកន្សែងរុំកូនគួររៀបចំអោយងាយស្រួលក្នុងការដោះចេញ រឺបន្ថែមវិញ ដើម្បីរក្សាកំដៅខ្លួនកូនអោយបានត្រឹមត្រូវ។

Tuesday, July 17, 2018

ចំណុចសំខាន់ៗអំពីការចោះត្រចៀកទារក

. តើទារកអាចចោះត្រចៀកបាននៅពេលណា?

យោងតាម ​​អ្នកជំនាញអាមេរិច ដែលសិក្សាអំពីជំងឺ និងការព្យាបាលកុមារ ការចោះត្រចៀក មិនមានអាយុកំណត់នោះទេ  ហើយវាក៏មិនមានគ្រោះថ្នាក់ដែរ បើសិនជា ធ្វើត្រឹមត្រូវ និងមានអនាម័យ។ ប៉ុន្តែអ្នកឯកទេសភាគច្រើន មិនគាំទ្រគំនិតចោះត្រចៀកអោយទារកដែលទើបនឹងកើតនោះទេ។ លោកប៉ាអ្នកម៉ាក់ គួររង់ចាំរហូតដល់កុមារមានអាយុល្មមចេះថែរក្សាកន្លែងចោះត្រចៀកនោះបានដោយខ្លួនឯង ហើយបើតាមសភាពដែលយើងរស់នៅ យើងអាចនិយាយបានថា នៅពេលទារកមានវ័យ២ឆ្នាំ។

អាយុ២ឆ្នាំ គឺជាអាយុសមរម្យសម្រាប់ការចោះត្រចៀក ដោយសារតែកត្តាមួយចំនួនដូចជា រាងកាយទារកមិនសូវចាញ់អាឡែរហ្សី  ក្មេងធំល្មមយល់ពីការណែនាំ ហើយស្បែកនៅទន់ប៉ុន្តែមិនខ្សោយខ្លាំងពេក។  វាក៏ជាពេលវេលា ដែលទារកបានទទួលការចាក់ថ្នាំបង្ការរោគសំខាន់ៗ រួមទាំងតេតាណូសផងដែរ ។

ការសិក្សាមួយបានបង្ហាញថាកុមារមិនសូវមានបញ្ហាផ្លែស្លឹកត្រចៀក រឺរហែកស្លឹកត្រចៀក បើគេចោះត្រចៀកនៅអាយុពី ១ ឆ្នាំ ទៅ ១០ឆ្នាំ។ ប្រការសំខាន់មួយទៀតដែលត្រូវចងចាំគឺ ការចោះត្រចៀកគួរធ្វើឡើងនៅកន្លែងត្រឹមត្រូវ ដោយសារពេលខ្លះ យើងសង្កេតឃើញថា ទោះមិនមានបញ្ហាប៉ះពាល់សុខភាព រឺពាក់ព័ន្ធនឹងករណីពិសេស តែការចោះត្រចៀកនៅកន្លែងខ្លះ បណ្តាលអោយរន្ធត្រចៀកទាំងសងខាង មិនស្មើគ្នាជាដើម។

. តើគួរចោះត្រចៀកកូននៅឯណា?
មនុស្សមួយចំនួនបានទៅកន្លែងលក់គ្រឿងអលង្ការនៅផ្សារក្បែរផ្ទះរបស់ពួកគេ ខណៈដែលអ្នកខ្លះចូលចិត្តអ្នកឯកទេសខាងពេទ្យ។  អ្វីដែលត្រូវពិចារណាគឺ អ្នកចោះត្រចៀកអោយកូនយើង ត្រូវតែជាអ្នកចេះស្ទាត់ មានជំនាញពិត ហើយទីកន្លែងនោះមានអនាម័យ និងគួរអោយទុកចិត្ត។

ឧបករណ៍ដែលប្រើ ត្រូវតែសំលាប់មេរោគជាមុន។ ការចោះត្រចៀក ចំពោះទារក អាចមិនដូចគ្នានឹងមនុស្សពេញវ័យ។ ដូច្នេះគួរស្វែងរកកន្លែងដែលមានឧបករណ៍សំរាប់ទារក ។ មិនគួររើសកន្លែងដោយចៃដន្យនោះទេ។ គួរទៅកន្លែងអ្នកអាជីពខាងចោះត្រចៀកក្មេង។

. តើការចោះត្រចៀកទារកធ្វើឡើងដោយរបៀបណា?
ជំហ៊ានទី ១: អ្នកបច្ចេកទេស រឺ គ្រូពេទ្យសំអាតកន្លែងដែលត្រូវចោះ ដោយ អាល់កុលឬថ្នាំសំលាប់ស្បែកផ្សេងៗទៀត។ ដើម្បីរក្សាអនាម័យ និងបង្ហាញពីបច្ចេកទេសត្រឹមត្រូវ គេត្រូវពាក់ស្រោមដៃវះកាត់។

ជំហានទី ២: ការចោះត្រចៀក ធ្វើឡើងតាមរយៈម្ជុល  ម៉ាស៊ីនចោះមានរូបរាងដូចកាំភ្លើង។ ឧបករណ៍ទាំង២មុខនេះ បណ្តាលឱ្យមានការឈឺចាប់បន្តិចប៉ុន្តែ នៅពេលចោះ គឺប្រហែល ២ទៅ៣នាទី។

ជំហានទី ៣: រន្ធត្រចៀកទើបនឹងចោះ នឹងត្រូវបំពាក់ក្រវិលមាស (រឺផ្លាកទីន) ជួយទប់ស្កាត់កុំអោយរន្ធត្រចៀកបិទមកវិញ។ មាសគឺជាជំរើសល្អ ព្រោះវាមិនសូវបង្ករការរលាក រមាស់។ វាមិនធ្វើឱ្យមានការឡើងក្រហម ហើយមិនស៊ីនឹងមុខរបួសថ្មី។  គួរជ្រើសរើសមាសទឹកល្អ ហើយទំហំនិងទំងន់ស្រាលល្មម។

ជំហានទី ៤: គួរលាបថ្នាំសម្លាប់មេរោគ លើកន្លែងចោះ ១ថ្ងៃ ២ដង រយៈពេល ១អាទិត្យ។
ទងត្រចៀកផ្នែកខាងក្រោមជាកន្លែងល្អបំផុតសំរាប់ការចោះត្រចៀក  ចំណែកទីតាំងផ្សេង មិនសាកសមសំរាប់កុមារទេ។  ចូរចោះតែផ្នែកខាងក្រោមនៃទងត្រចៀកប៉ុណ្ណោះ ព្រោះងាយចោះ ហើយមិនសូវឈឺ ដោយសារតែគ្មានឆ្អឹង។ អ្នកត្រូវសំរេចអោយច្បាស់ ព្រោះវាអាចមានផលណាមួយកើតឡើងនៅថ្ងៃខាងមុខ។

Flickr
៤. តើគួររៀបចំកូនបែបណាដើម្បីចោះត្រចៀក?
១.      កូនរបស់អ្នកគួរមានសុខភាពល្អ  ព្រោះបើគេមិនស្រួលខ្លួន ទំហំនៃការឈឺនឹងបូកបញ្ចូលគ្នា ហើយភាពអត់ទ្រាំរបស់កូននឹងធ្លាក់ចុះ។ អ្នកអាចពន្យាពេលចោះត្រចៀកបាន បើកូនឈឺ រឺជិតដល់ថ្ងៃចាក់ថ្នាំវ៉ាក់សាំងជាដើម។  ក្នុងករណីកំរ ទារកខ្លះមានជំងឺតពូជ ដែលមិនសាកសមនឹងការចោះត្រចៀក។

.     កាន់របស់លេងដែលកូនចូលចិត្ត រឺរបស់ដែលអាចលួងកូនបានអោយនៅជាប់ដៃ ទុកគ្រាន់បន្លប់ពេលគេកំពុងចោះត្រចៀក និងទុកលួងពេលកូនយំ។

៣.    នៅអំឡុងពេលនេះ អ្នកគួរពាក់អាវបិទឡេវអោយទារក ជៀសវាងអាវដែលត្រូវ ស៊កក្បាល រឺដោះសើយឡើងទៅលើ ដែលអាចប៉ះ រឺកៀបត្រចៀក។

 ៤. ក្នុងកំឡុងពេលកំពុងចោះសូម បីកូនអោយជាប់តែថ្នម។ កូននឹងរើខ្លាំងក្រោយពីចោះត្រចៀកទី១រួចហើយ។ ដើម្បីបានចោះត្រចៀកទី២ ត្រូវលួងបន្លប់ដោយកាយវិការ និងពាក្យដែលកូនចូល។

៥. លើកទឹកចិត្តកូនដែលក្លាហាន អាចចោះត្រចៀកបានសំរេច។ គួរមានការផ្តល់ជាពិសេសពេលក្រោយខ្លះកាន់តែល្អ។

៥. តើគួររើសក្រវិលបែបណា?
ទារកគួរតែពាក់ក្រវិលប្រភេទកងកិបខាងក្រោយ មិនមានរំយោល មិនមានរាងស្រួចមិនមានទំពក់ទាក់នឹងរបស់ជុំវិញ មានគន្លឹះទន់ មិនមុតស្បែក ហើយមានទំងន់ស្រាល។

៦. តើគួរប្រយ័ត្នអ្វីខ្លះក្រោយចោះត្រចៀក?
វានឹងចំណាយពេលប្រហែលបួនទៅប្រាំមួយសប្តាហ៍ដើម្បីឱ្យស្នាមរន្ធទាំងនោះអាចជាសះស្បើយ។
·         អ្នកគួរសំអាតក្រវិល១អាទិត្យម្តង ដោយប្រើសំលីសើមជូត។
·         ត្រូវលាងដៃមុននឹងប៉ះកន្លែងចោះ។
·         លាបថ្នាំសំលាប់មេរោក ១ថ្ងៃ២ដង ជុំវិញក្រវិល និងកន្លែងចោះ។ ហើយប្រើសំលីសើមជូតសំអាតក្រោយពីលាបថ្នាំបាន ៤៥នាទី កាន់តែល្អ។
·         រក្សាកូនអោយមានអនាម័យ កុំអោយមានដី រឺរបស់ប្រឡាក់ណាមួយមកប៉ះនឹងរន្ធត្រចៀក
·         ត្រូវអោយពេទ្យពិនិត្យបើមានការរលាក រឺហើម រឺរមាស់ស្ទុះ។

Monday, July 16, 2018

មេរៀនជីវិត៖ ដំបូន្មានរបស់អ្នកម៉ាក់ចំពោះកូនស្រី

. "កូនស្រីម៉ាក់សមនឹងទទួលបានការគោរពនិងស្រឡាញ់"
អ្នកត្រូវអនុញ្ញាតឱ្យកូនរបស់អ្នកបញ្ចេញអារម្មណ៍របស់នាងដោយសេរី។ ក្រសោបនាងដោយក្ដីស្រឡាញ់និងការគោរព ហើយក៏ណែនាំកូនអោយធ្វើដូចគ្នាចំពោះអ្នកវិញផងដែរ។ កូនរបស់អ្នកចាត់ទុកអ្នកជាគំរូដ៏ធំបំផុតរបស់នាង។ របៀបដែលអ្នកធ្វើហើយអ្វីដែលអ្នករំពឹងទុកនឹងមានឥទ្ធិពលលើសកម្មភាពរបស់នាងនាពេលអនាគត។

. "ការលំបាកនឹងធ្វើឱ្យកូនស្រីម៉ាក់កាន់តែរឹងមាំ"
អ្នកត្រូវតែបង្រៀនកូនរបស់អ្នកថា បញ្ហាប្រឈមធ្វើឱ្យនាងរឹងមាំ ហើយវាផ្តល់ឱកាសក្នុងការអភិវឌ្ឍន៍ខ្លួនជាមនុស្សកាន់តែល្អ។ អ្នកមិនគួរប្រញាប់ប្រញាល់ទៅជួយសង្គ្រោះនាង នៅពេលដែលនាងមានបញ្ហាក្នុងការគូរគំនូរអ្វីមួយនោះឡើយ។ អនុញ្ញាតឱ្យនាងស្វែងរកដំណោះស្រាយដោយខ្លួនឯង។ ការធ្វើបែបនេះ នឹងជួយឱ្យនាងបង្កើនជំនាញរបស់នាង។ អ្នកអាចផ្តល់ឱ្យនាងនូវឧបករណ៍ដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់នាង។ ការធ្វើបែបនេះនឹងធ្វើអោយនាងកាន់តែក្លាយទៅជាបុគ្គលល្អនៅពេលអនាគត។

. "កូនម៉ាក់គិតថាខ្លួនឯងជាអ្នកណា នោះនឹងក្លាយជាការពិត"
អ្នកមិនត្រូវនិយាយអ្វីអវិជ្ជមានអំពីខ្លួនអ្នកនៅចំពោះមុខកូន ៗ អ្នកទេ។ កុំនិយាយថា "ខ្ជិល" ឬ "ឆោតល្ងង់"។ កូនរបស់អ្នកអាចចាប់ផ្តើមចម្លងពីអ្នក ហើយចាប់ផ្តើមគិតអវិជ្ជមានអំពីខ្លួននាង។ បង្ហាញគោលដៅដែលអ្នកកំណត់សម្រាប់ខ្លួនអ្នក  ហើយបង្ហាញពីរបៀបដែលអ្នកសម្រេចបាន។ នេះនឹងផ្តល់នូវការយល់ដឹងកាន់តែប្រសើរចំពោះនាង។

. "យើងទាំងអស់គ្នា សុទ្ធតែជាមនុស្ស យើងប្រាកដជាមានកំហុស"
 អ្នកត្រូវតែបង្រៀនកូនថា មនុស្សប្រាកដជានឹងជួបពេលមិនល្អ  ហើយគ្រប់គ្នាអាចនឹងធ្វើកំហុសមិនខាន។ ពេលខ្លះយើងជួបឧបសគ្គ ហើយពេលខ្លះក៏មានគំនិតខ្វែងគ្នា។ សូមបើកចិត្ត ហើយបន្តដំណើរទៅមុខ ទុកពេលវេលាអតីតកាលធ្វើជាមេរៀន។

. "ធ្វើជាមនុស្សចិត្តទូលាយ ចេះលើកលែងទោសអ្នកដទៃ"
បង្រៀនកូនរបស់អ្នកអោយជួយអ្នកដទៃនៅពេលគេធ្វើអោយមានកំហុស រឺពេលគេមានបញ្ហា។ អ្នកគួរតែអនុញ្ញាតឱ្យកូនរបស់អ្នកឃើញពីទំនាក់ទំនងល្អរបស់អ្នកជាមួយមនុស្សជុំវិញ។ សូមបង្ហាញនាងនូវឧទាហរណ៍អំពីរបៀបស្នើសុំជំនួយផ្លូវចិត្ដនៅពេលដែលអ្នកជួបថ្ងៃលំបាក  របៀបដែលអ្នកគិតដល់អារម្មណ៍និងបញ្ហាផ្សេងៗរបស់អ្នកដទៃ។

. "កិច្ចការនឿយហត់តែងផ្តល់កំរៃ"
ជីវិតមិនមែនអំពីការសប្បាយរហូតនោះទេ ហើយមានបញ្ហាប្រឈមនៅក្នុងជំហាននីមួយៗ គួរដោះស្រាយដោយសេចក្តីឧស្សាហ៍ព្យាយាម។ បង្ហាញកូនរបស់អ្នកថា មានរឿងជាច្រើនដែលអ្នកធ្វើមិនមែនដោយសារតែអ្នក "ចូលចិត្ត" នោះទេ ប៉ុន្តែអ្នករំពឹងថានឹងមានកំរៃចំណេញយូរអង្វែងពីកិច្ចការនោះ។ បង្ហាញឧទាហរណ៏នៃការងារដែលមិនមែនជាចំណូលចិត្តរបស់អ្នក ប៉ុន្តែអ្នកនៅតែធ្វើវា ដោយសារតែវាផ្តល់ជីវិតល្អដែលអ្នកចង់បាន។

. "កូនស្រីម៉ាក់ត្រូវរៀនជានិច្ច"
មនុស្សយើងតែងតែរៀនមិនឈប់ឈរ សូម្បីតែពេលយើងចាស់ក៏ដោយ។ មានប្រភពនៃការរៀនសូត្រគ្មានទីបញ្ចប់នៅក្នុងជីវិតរបស់យ់ង។ យើងរៀនអ្វីៗជាច្រើនពីបទពិសោធន៍របស់យើងផ្ទាល់។ អ្នកត្រូវតែសិក្សាពីជីវិត និងចំណាប់អារម្មណ៍របស់កូនអ្នក  ដើម្បីជួយនាងរៀនពីរឿងថ្មីផងដែរ។

. "ត្រូវមានចិត្ដកតញ្ញូចំពោះអ្នកដទៃ"
អ្នកត្រូវលើកទឹកចិត្តកូនរបស់អ្នកឱ្យនិយាយថា "អរគុណ" នៅពេលដែលអ្នកដទៃបង្ហាញសេចក្ដីសប្បុរសដល់គ្រួសាររបស់អ្នក។ បង្រៀនកូនរបស់អ្នក អោយចេះរួមចំណែកក្នុងគ្រួសារ និងសហគមន៍។ អាចចាប់ផ្តើមពីកិច្ចការសាមញ្ញៗ ដូចជាការយកខោអាវប្រលាក់ដាក់ចូលកន្រ្តកបោកគក់ រឺប្រមូលខោអាវហាលស្ងួតមកទុកជាដើម។

សំខាន់បំផុត អ្នកត្រូវតែរំលឹកកូន ៗ របស់អ្នកម្តងហើយម្តងទៀតថា អ្នកនឹងនៅក្បែរពួកគេនៅពេលដែលត្រូវការ ហើយជួយពួកគេនៅពេលដែលត្រូវការ។ ប្រាប់កូនឱ្យរក្សានូវគំនិតវិជ្ជមាន ដើម្បីឱ្យនាងអាចជំនះឧបសគ្គដែលនាងជួបប្រទះក្នុងជីវិត។

តើអ្នកមានអ្វីបន្ថែមលើនេះទៀតទេ? សូមចែករំលែកជាមួយគ្នា ដើម្បីបង្រៀនកុមាររបស់យើងអោយអនាគតគេកាន់តែជោគជ័យ ហើយសង្គមស្រ្តីយើងកាន់តែរឹងមាំ។