Friday, September 28, 2018

បាយដំណើបស្វាយទុំមូរ



គ្រឿងផ្សំ







១. បាយដំណើប។ អ្នករើសអង្ករកាន់តែល្អ បាយកាន់តែឆ្ងាញ់។
២. ស្វាយទុំ។ គួររើសយកស្វាយដែលទុំល្អ ហើយពូជផ្អែម។ យើងសូមណែនាំស្វាយកែវចិន។
៣. ខ្ទិះដូង។ ខ្ទិះដើម។
៤. គ្រាប់ល្ង (មិនដាក់ក៏បាន)។
៥. ស្កសរ និងអំបិល បន្តិច។

វិធីធ្វើ

ដំបូងអ្នកត្រូវចិតសំបកស្វាយទុំ ហើយចិតស្តើង ។

បន្ទាប់មក យកថង់ប្លាស្ទិចមួយ ក្រាលពីលើប្រដាប់មូរ (ដូចជារបស់ជប៉ុនមូរស៊ូស៊ី រឺកូរ៉េមូរគីមប៉ាប់)។ តំរៀបចំនិតស្វាយគរលើគ្នាចេញជារៀងចតុកោណ  ។ ដាក់បាយដំណើបដែលដណ្តាំឆ្អិន ខ្ទិះដូង ទៅលើស្វាយ។


បន្ទាប់មកមូរវាអោយលឿនដោយប្រយ័ត្ន ហើយប្រាកដថាបាយដំណើបនិងគ្រឿងផ្សេងទៀត បានស្រោបទាំងស្រុងដោយចំណិតស្វាយ។ កាត់ជាកង់ៗ។
រោយគ្រាប់ល្ងពីលើ។


សូមកុំដាក់វាចូលក្នុងទូទឹកកក។ គួរញ៉ាំស្រស់និងភ្លាម ៗ ។ អ្នកអាចរក្សាវាទុកនៅសីតុណ្ហភាពធម្មតាបានមួយម៉ោងរឺលើសតិចតួច។ ប៉ុន្តែទូរទឹកកកនឹងធ្វើឱ្យបាយដំណើបរឹង និងចំណិតសាច់ស្វាយលែងស្រស់។​ ការកំដៅឡើងវិញក៏នឹងធ្វើអោយស្វាយឆ្អិន បាត់បង់រសជាតិផងដែរ។


ប្រភព



Tuesday, September 25, 2018

ការអប់រំកូន -គន្លឹះពីបរទេស


១. កុំនិយាយជំនួសកូន
នៅពេល​ដែល​មាន​អ្នកណា​សួរ​ឈ្មោះ​កូន​ គួរឲ្យកូននិយាយ ឬប្រាប់ឈ្មោះដោយខ្លួនឯង។ ធ្វើ​បែប​នេះ​ ដើម្បី​ឲ្យ​ក្មេង​ក្លាហាន និងហ៊ាន​និយាយ​ជា​សាធារណៈ​។​




២. ធ្វើមិត្ត​ជាមួយ​កូន​
ការ​ធ្វើ​មិត្ត​ជាមួយ​កូន​ ជួយ​ឲ្យ​ក្មេង​ហ៊ាន​និយាយ​អ្វី​គ្រប់យ៉ាង​ មិន​អាច​លាក់បាំង​ពី​អ្នក​បាន​ឡើយ​ ជាពិសេស​វា​ងាយ​ស្រូល​ដល់​អ្នក​យល់​ពី​អារម្មណ៍​របស់​កូន​កាន់​តែ​ច្បាស់​។







៣. ប្រៀប​ធៀប​របស់​ចង់​បាន និង​ត្រូវការ​ដល់​កូន​​
យើង​ដឹង​ច្បាស់​ណាស់​ថា​ក្មេងៗ​ចូលចិត្ត​ និង​​ចង់​បាន​របស់​លេង​ និង​របស់របរ​ថ្មីៗ ​ដូចជា​ស្បែកជើង​ ឡាន តុក្កតា​ ជាដើម។ ប៉ុន្តែ​យើង​អាណាព្យាបាល​មិន​អាច​បណ្ដោយ​ឲ្យ​កូន​ចង់​បាន​របស់​អ្វី​តាម​តែ​ចិត្ត​នោះ​ទេ​ ដូចនេះ​គួរ​វិធីសាស្ត្រ​ពន្យល់​ រវាង​របស់​ចង់​បាន​ និង​ត្រូវការ​ដល់​កូន ដោយ​មិន​ប្រើ​ហិង្សា​ ឬ​ពាក្យ​ទ្រគោះ​បោះ​បោក​នោះ​ទេ។





៤. ផ្ដល់​សិទ្ធិ​ឲ្យ​ធ្វើអ្វី​ដោយ​ខ្លួនឯង

ក្មេង​នៅ​ចន្លោះ​ពី ២ ទៅ ៣ឆ្នាំ ជា​វ័យ​អាច​និយាយ​ស្ដាប់​បាន និង​អាច​ធ្វើ​អ្វី​បាន​សម្រាប់​ខ្លួនឯង បន្ទាប់​ពី​អាណាព្យាបាល​បាន​ធ្វើ​ ឬបង្រៀន រួចមក​។ តួយ៉ាង​ ដូចជា​ការ​ញ៉ាំបាយ មុជទឹក ស្លៀកពាក់ និងផ្សេង​ៗដែល​ជាកិច្ចការតិចតួច គួរឲ្យកូន​ធ្វើ​ដោយខ្លួនឯង។







 . ជ្រើសរើស​អ្វីដែល​ពេញចិត្ត
 គួរឲ្យកូនរបស់​អ្នក​ជ្រើស​រើស​នូវ​អ្វីគេពេញចិត្ត ជាជាង​ អ្នកជ្រើសរើស ឬរៀបចំឲ្យ។ ជាក់ស្ដែង​ដូចជា ការរើស​​សៀវភៅអាន ចម្រៀង​ ភាពយន្ត​ និង សំលៀកបំពាក់។ ​​​​​​​​








៦. បង្រៀន​ឲ្យសន្សំចំគោលដៅ
ម្ដាយ​ឪពុក​ជា​អ្នក​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​កូន​ តែ​ក៏មិន​ត្រូវ​ភ្លេច​ប្រាប់​កូន​ពី​របៀប​សន្សំ​លុយ ​សម្រាប់​ពេល​ចាំបាច់​នោះ​ដែរ។ ឧទាហរណ៍​ ប្រសិន​បើ​កូន​អ្នក​ចង់​បាន​ទូរស័ព្ទ​ថ្មី​ប្រើ ហេតុនេះ​អ្នក​គួរ​ប្រាប់​ពី​របៀប​សន្សំលុយ​ និង​រយៈពេល​ប៉ុន្មាន​គេ​នឹង​សម្រេច​ដោយ​ខ្លួន​ឯង​​។






៧. បង្កើត​ទម្លាប់​ និង​ចំណង់​ចំណូល​ចិត្ត 
ម្ដាយ​ឪពុក​មួយ​ចំនួន​ ចង់​ឲ្យ​កួន​រៀន​តន្រ្តី​ ខណៈ​កូន​ចូលចិត្ត​លេង​បាល់ ដែល​នេះ​ទង្វើ​មួយ​លោក​អ្នក​គួរ​គិត​សារ​ឡើង​វិញ។ ចំណុច​នេះ​ ការអប់រំកូន​​របស់​លោក​ខាងលិច តែងឲ្យ​កូន​ធ្វើ​អ្វី​ពេញ​ចិត្ត​ និង​ទម្លាប់ប្រចាំថ្ងៃ​ ដោយ​ម្ដាយ​ឪពុក​អាច​មើល និង​ណែនាំ​ពី​ក្រោយ ។



៨. លើក​ទឹក​ចិត្ត​កូន ពេល​ធ្វើ​រឿង​អ្វីថ្មី 
ជា​វិធីសាស្ត្រ​មួយ​ ដែល​អាណាព្យាបាល​គ្រប់​រួប គួរ​ធ្វើ​ នៅ​ពេល​ដែល​កូន​បាន​ជម្នះ និង​ធ្វើ​រឿង​អ្វីមួយ​ដោយ​ជោគជ័យ។













៩. ឲ្យ​កូន​រើស​នូវ​កាដូ​ខ្លួនឯង 
អនុញ្ញាត​ឲ្យ​កូន​របស់​អ្នក​ រើស​កាដូ​ដែល​គេ​ពេញចិត្ត​ដោយ​ខ្លួនឯង។ ​នៅ​ពេល​ដែល​ក្មេង​ក្លាហាន​ហ៊ាន​និយាយ​របស់​ខ្លួន​ចង់​បាន​ នោះ​គេ​នឹង​ព្យាយាម​ធ្វើ​វា​ ដោយ​មាន​គោលដៅ​ច្បាស់លាស់ ហើយ​ពេល​ធំ​ឡើងគេនឹង​អាច​ជ្រើស​រើស​ជំនាញ​សម្រាប់​ជីវិត​គេខ្លួន​ឯង ដោយ​មិនស្ដាយ​ក្រោយ​ផងដែរ។



១០. អនុញ្ញាត​ឲ្យ​ជ្រើសរើស​មនុស្ស​ខ្លួន​ស្រឡាញ់ 
នេះជាចំណុចសំខាន់មួយ អាណាព្យាបាល​ ក៏គួរ​តែ​បើកចិត្ត និងស្ដាប់​អ្វីដែល​ជា​តម្រូវការ​ជីវិត​របស់​កូន​ក្នុង​វ័យ​ជំទង់ តែក៏​ភ្ជាប់​ជាមួយ​ការអប់រំ​ជីវិត តថភាព​សង្គម​​ឲ្យ​ដឹង​ជា​មុន​ដែរ។ វ័យ​ជំទង់​ ជា​វ័យ​មួយ ចូលចិត្ត​ចង់​ដឹង​អ្វី​ថ្មី​ៗ ហេតុនេះ​អាណាព្យាបាល​ក៏ត្រូវ​ចូលរួម​ចែក​រំលែក​បទពិសោធ៍​នានា​ ឲ្យកូនបាន​ដឹង និង​យល់​ តែមិនមែន​ជាការ​គំរាម​កំហែង និងហាម​ឃាត់​គ្រប់ពេល​នោះទេ។​​​​​​​​ ​​​​​ ​​​​​







Friday, September 21, 2018

អាហារ​ទារក​






ឪពុក​ម្តាយ​ភាគ​ច្រើន​ចាប់​ផ្តើម​ឱ្យ​កូន​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​តាំង​ពី​នៅ​តូច។​ មាន​អាហារ​ខ្លះ​ឪពុក​ម្តាយ​គិត​ថា​ល្អ​បំផុត​សម្រាប់​កូន​តូច​ហើយ​ព្យាយាម​ឱ្យ​កូន​ញ៉ាំ​រាល់​ថ្ងៃ។​ តែ​ផ្ទុយ​ទៅ​វិញ​ អាហារ​ទាំង​៦​យ៉ាង​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កូន​តូចៗ​ដោយ​មិន​ដឹង​ខ្លួន៖
១.​ ទឹក​ផ្លែ​ឈើ
ឪពុក​ម្តាយ​ភាគ​ច្រើន​ឱ្យ​កូន​ញ៉ាំ​ទឹក​ផ្លែ​ឈើ​ដូច​ជា​ទឹក​ក្រូច​ជា​ដើម​ដោយ​គិត​ថា​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​គ្រប់​មុខ។​ ប៉ុន្តែ​អ្នក​ត្រូវ​គិត​ថា​ទឹក​ផ្លែឈើ​ដែល​កូន​អ្នក​ញ៉ាំ​នោះ​មិន​មែន​មាន​តែ​ផ្លែឈើ​សុទ្ធ​ទេ​ វា​ក៏​មាន​ជាតិ​ស្ករ​នៅ​ក្នុង​នោះ​ដែរ។ ជាតិ​ស្ករ​ទាំង​នោះ​ជ្រាប​ចូល​ទៅ​ក្នុង​ឈាម​ ហើយ​វា​ក៏​អាក្រក់​ចំពោះ​មេតាប៉ូលីស​នៃ​កាបូន​អ៊ីដ្រាត​។ យោង​ទៅ​តាម​ The American Academy of Pediatrics​ បាន​ណែនាំ​ថា​គួរ​តែ​ឱ្យ​កូន​ញ៉ាំ​ផ្លែឈើ​ស្រស់​ជា​ជាង​ញ៉ាំ​ទឹក​ផ្លែ​ឈើ​ដប។
២.​ យ៉ាអ៊ួរ

ដើម្បី​ជ្រើស​រើស​យ៉ាអ៊ួរ​ដែល​ល្អ​ អ្នក​ត្រូវ​មើល​ការ​ណែនាំ​ឱ្យ​បាន​ច្បាស់​មុន​នឹង​ឱ្យ​កូន​ញ៉ាំ។​ អ្នក​មិន​ត្រូវ​ទិញ​យៅអ៊ួរ​ណា​ដែល​មិន​បាន​ក្លាស្សេ​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ​។ ហើយ​អ្នក​គួរ​តែ​ឱ្យ​កូន​ញ៉ាំ​យ៉ាអ៊ួរ​ធម្មជាតិ​ប្រសើរ​ជាង​ញ៉ាំ​ទឹក​ដោះ​គោ​កំប៉ុង​។ ចំពោះ​យ៉ាអ៊ួរ​ដែល​មាន​រសជាតិ​ផ្លែឈើ​ អ្នក​មិន​គួរ​ឱ្យ​កូន​ញ៉ាំ​ទេ​ព្រោះ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ​ កាល់ឡូរី​ដែល​អាច​ធ្វើ​ឱ្យ​ធាត់​និង​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ គួរ​តែ​ឱ្យ​ញ៉ាំ​រសជាតិ​ដើមទើប​ល្អ។

៣.​ Cereals
Cereals​គឺ​ជា​អាហារ​មួយ​ប្រភេទ​ដែល​ងាយ​ស្រួល​ញ៉ាំ​ដោយ​គ្រាន់​តែ​លាយ​ជាមួយ​នឹង​ទឹក​ដោះ​គោ​ ហើយ​ឪពុក​ម្តាយ​ភាគ​ច្រើន​ឧស្សាហ៍​ឱ្យ​កូន​ញ៉ាំ​ព្រោះ​វា​ងាយ​ស្រួល​ ហើយ​សម្បូរ​ជីវជាតិ​បំប៉ន។​ ប៉ុន្តែ​តាម​ពិត​ សារធាតុ​បំប៉ន​ទាំង​នោះ​ត្រូវ​បាន​កាត់​បន្ថយ​តាម​រយៈ​ការ​ផលិត​ពី​រោង​ចក្រ​មាន​តែ​កាបូន​អ៊ីដ្រាត​ទេ​ដែល​នៅ​សល់​។ ហេតុ​នេះ​ហើយ​ នៅ​ពេល​ដែល​កូន​អ្នក​ញ៉ាំ​ហើយ​នឹង​ឆាប់​ឃ្លាន​វិញ។ អ្នក​គួរ​តែ​បន្ថែម​គ្រាប់​ធញ្ញជាតិ​ ឬ​ផ្លែ​ឈើ​ស្រស់។
៤.​ ទឹក​ឃ្មុំ
កូន​ក្មេង​ក្រោម​អាយុ​២ឆ្នាំ​មិន​គួរ​ញ៉ាំ​ទឹក​ឃ្មុំ​នោះ​ទេ​ ព្រោះ​ថា​កូន​អ្នក​អាច​នឹង​រង​ប្រតិកម្ម​។ ជាពិសេស​វា​អាច​មាន​បាក់តេរី​ដែល​ធ្វើ​ឱ្យ​កូន​អ្នក​ឆ្លង​ជំងឺ​ដែល​ហៅ​ថា​ Botulism Poisoning



៥.​ ទំពាំង​បាយ​ជូរ

ទំពាំងបាយជូរ​មាន​ផ្ទុក​វីតាមីន​និង​សារធាតុ​រ៉ែ​ដែល​ក្មេង​ត្រូវ​ការ​។ ប៉ុន្តែ​វា​ក៏​មាន​ហេតុផល​ដែល​មិន​គួរ​ឱ្យ​កូន​អ្នក​ញ៉ាំ​ដែរ​គឺ​ក្មេង​អាច​ងាយ​នឹង​ឈ្លក់​ហើយ​លេប​គ្រាប់។ ហេតុនេះ​ហើយ​ជំនួស​ដោយ​ការ​ញ៉ាំ​ទំពាំង​បាយ​ជូរ​ អ្នក​គួរ​តែ​ឱ្យ​កូន​ញ៉ាំ​ចេក​វិញ​ប្រសើរ​ជាង។


៦.​ វីតាមីន​គ្រាប់
វីតាមីន​មាន​ច្រើន​ប្រភេទ​ច្រើន​យ៉ាង។ ហើយ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ឪពុក​ម្តាយ​ឱ្យ​កូន​ញ៉ាំ​វីតាមីន​ជំនួយ​ដោយ​ផ្អែក​លើ​ចំណេះ​ដឹង​ដែល​គាត់​មាន​និង​បទ​ពិសោធន៍​ដោយ​មិន​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​និង​គិត​ពី​ផល​អវិជ្ជមាន។ អ្នក​គួរ​ឱ្យ​កូន​ញ៉ាំ​វីតាមីន​តែ​នៅ​ពេល​ដែល​មាន​វេជ្ជបញ្ជា​ពី​ពេទ្យ​មិន​មែន​ញ៉ាំ​ស្ទើរ​តែ​រាល់​ថ្ងៃ​នោះ​ទេ។ យក​ល្អ​គួរ​តែ​កូន​តូច​ញ៉ាំ​ផ្លែ​ឈើ​ស្រស់​ដែល​សម្បូរ​វីតាមីន​វិញ៕


គួរយល់ដឹង៖ កាយវិការទារក និងអត្ថន័យ




មនុស្ស​ធំ​ទូទៅ​អាច​ប្រើ​ភាសា​និយាយ​ដើម្បី​យល់​ចិត្ត ​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន ​តែ​ខុស​គ្នា​ពី​ទារក​តូច​ ពួ​កគេ​មិន​អាច​ឡើយ​ពោល​គឺ​បាន​ត្រឹម​តែ​យំ​ឬ​ធ្វើ​កាយ​វិការ​ប៉ុណ្ណោះ។ ខាង​ក្រោម​នេះ​ជា​កាយ​វិការ​ទាំង​ ៧​របស់​ទារក​ ដែល​អ្នក​ម្តាយ​គ្រប់​រូប​គួរ​ដឹង៖
១. ទាត់​ជើង​ទាំង​សង​ខាង​ខ្វៃ​ៗ៖ បញ្ជាក់​ថា​ទារក​កំពុង​រីករាយ ​ជា​ពិសេស​ទារក​ដែល​ចូលចិត្ត​ទឹក ​គេ​នឹង​បង្ហាញ​កាយវិការ​នេះ​ពេល​កំពុង​ងូត​ទឹក ​ឬ​ម្យ៉ាង​ទៀត​ពេល​ដែល​គេ​បាន​កាន់​របស់​លេង​ដែល​ពេញ​ចិត្ត។
២. ពត់​ខ្នង៖ បញ្ជាក់​ថា​ទារក​កំពុង​ពិបាក​ក្នុង​ខ្លួន ​ឬ​មាន​ឈឺ​ត្រង់​កន្លែង​ណា​មួយ។ ពេល​ខ្លះ​ទារក​ក៏​បង្ហាញ​កាយវិការ​នេះ​នៅ​ពេល​គេ​បៅ​ឆ្អែត​ពេក​ផង​ដែរ។
៣. យក​ដៃ​ទាញ​ត្រចៀក៖ បញ្ជាក់​ថា​គេ​កំពុង​សប្បាយ​ចិត្ត​ តែ​ទាញ​ត្រចៀក​ហើយ​យំ​ គេ​ប្រហែល​ជា​ឈឺ​ត្រចៀក​ ឬ​មួម៉ៅ។
៤. ក្តាប់​ដៃ៖ ទារក​កំពុង​ឃ្លាន​បៅ។
៥. បោះ​ដៃ​ឡើង​លើ៖ ភាគ​ច្រើន​ទារក​ធ្វើ​កាយ​វិការ​នេះ​ពេល​កំពុង​គេង ​គេ​កំពុង​ប្រាប់​យើង​ថា​ មាន​អ្វី​មួយ​មក​រំខាន​ការ​គេង​អាច​ជា​សម្លេង ​ឬ​គេ​កំពុង​យល់សប្តិ​ជា​ដើម។ ប៉ុន្តែ​បើ​គេ​បោះ​ដៃ​ឡើង​លើ​ពេល​ភ្ញាក់​ពី​គេង​វិញ ​មាន​ន័យ​ថា​គេ​គេង​បាន​ឆ្អែត​ ហើយ​ត្រូវ​ការ​ឲ្យ​អ្នក​បី​គេ​ឡើង៕


បែបបទជីវិតអ្នកម៉ាក់ថ្មី - បញ្ហាប្រឈមទូទៅ និងដំណោះស្រាយ



មាន​កូន​ដំបូង​គឺ​ជា​រឿង​រីករាយ​បំផុត ប៉ុន្តែ​អ្នក​ម្តាយ​ថ្មីថ្មោង​អាច​នឹង​ប្រឈម​ជាមួយ​បញ្ហា​មួយ​ចំនួន។​ ដូច្នេះ​ត្រៀម​ខ្លួន​មុន គឺ​ជា​រឿង​ដ៏ល្អ​ប្រសើរ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ដែល​អ្នក​គួរ​តែ​ស្វែង​យល់ និង​រក​វិធី​ដោះ​ស្រាយ​ក្រោយ​ពី​សម្រាល​កូន​រួច​ក្នុង​ពេល​ឆាប់ៗ។
១.ពិបាក​ក្នុង​ការ​បំបៅ​ដោះ​កូន
អ្នក​ប្រហែល​ធ្លាប់​គិត​ថា ការ​បំបៅ​ដោះ​កូន​គឺ​ជា​រឿង​ធម្មជាតិ ពេល​ដែល​ពេល​វេលា​មក​ដល់​វា​នឹង​ចេះ​ដោយឯកឯង ប៉ុន្តែ​ការ​ពិត​ផ្ទុយ​ស្រឡះ​តែ​ម្តង។ វា​ត្រូវ​ការ​ការ​ហ្វឹកហាត់​ខ្លាំង​ និង​រយៈ​ពេល​រាប់​សប្ដាហ៍​ក្នុង​ការ​ផ្ស៊ាំ។ អ្នក​អាច​មាន​សម្ពាធ​ដោយសារ​មនុស្ស​ជុំវិញ បង្ខំ​ឲ្យ​អ្នក​ត្រូវ​តែ​បំបៅ ក្រោម​ហេតុផល​ទឹកដោះ​ម្តាយ​ល្អ​ខ្លាំង​ចំពោះ​ទារក។ សភាព​បែប​នេះ​ពិតជា​មិន​ល្អ​ទេ​សម្រាប់​អ្នក​និងកូន​តូច។
ដំណោះស្រាយ៖​   រក​អ្នក​ស្គាល់​គ្នា​ណា​ម្នាក់​ដែល​មាន​បទពិសោធន៍ មក​មើល និង​បង្ហាញ ណែនាំ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ពីរ​ទៅ​បី​ម៉ោង។ អ្នក​អាច​ទទួល​បាន​យោបល់​ល្អៗ​មួយ​ចំនួន។ កំណត់​គោលដៅ ថា​អ្នក​និង​ព្យាយាម​យ៉ាង​ហោច​ណាស់ ឲ្យ​បាន​មួយ​ខែ​ តែ​បើ​សិន​នៅ​តែ​មិន​អាច​ទៅ​រួច​ទៀត​គួរ​តែ​សម្រេច​ប្ដូរ​មក​បំបៅ​ដោយ​ទឹក​ដោះ​គោ​វិញ។
២.ស្អប់​ប្តី​ខ្លួន​ឯង
បន្ទុក​ជា​ម្តាយ ត្រូវ​មើល​ថែ​កូន​តូច បន្ទុក​ជា​ប្រពន្ធ ត្រូវ​មើល​ថែ​ផ្ទះ​សំបែង អារម្មណ៍​ម៉ួម៉ៅ​ដោយ​សារ       អ័រម៉ូន​ប្រែប្រួល​ក្រោយ​សម្រាល​កូន​រួច គិត​ថា​ប្តី​មិន​សូវ​ជួយ​ទុក្ខធុរៈ... សុទ្ធ​តែ​ជា​អ្វី​ដែល​អាច​ឲ្យ​អ្នក​នឹង​មាន​អារម្មណ៍​ចង់​លែងលះ​ញឹកញាប់​ក្នុង​ឆ្នាំ​ដំបូង។
ដំណោះស្រាយ៖​ ស្វាមី​អ្នក​មិនមែន​ទេវតា​ដែល​អាន​ចិត្ត​អ្នក​ដាច់​រហូត​នោះ​ទេ។ បើ​ចង់​ឲ្យ​គាត់​ជួយ​អ្វី ត្រូវ​ប្រាប់ ឬ​ពិភាក្សា បែងចែក​ការងារ​ដែល​គាត់​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​អ្នក​បាន​សម្រាក​ខ្លះ។
៣. គិតថាខ្លួនឯងធាត់
វា​ជា​រឿង​ទូទៅ​សម្រាប់​មនុស្ស​ស្រី។​ យ៉ាង​ហោចណាស់ វា​ត្រូវ​ការ​រយៈពេល​១​ឆ្នាំ​ដើម្បី​ទទួល​បាន​គីឡូ និង​រូបរាង​ពី​មុន​របស់​អ្នក។​ ត្រគាក​រីក​ធំ សក់​ជ្រុះ ស្បែក​ឡើង​សរសៃ ពិត​ជា​គួរ​ឲ្យ​ខ្លាច។
ដំណោះស្រាយ៖​ ត្រូវ​គិត​ថា បើ​អ្នក​មិន​ឡើង​គីឡូ ធ្វើ​ម៉េច​មាន​ទឹកដោះ​ឲ្យ​កូន​បៅ។ ព្យាយាម​ហាត់ប្រាណ ដោយ​ការ​ប្រលែង​លេង​នឹង​កូន។ បន្ថែម​ភាព​ផ្អែមល្ហែម​ជាមួយ​ប្តី ពេល​ខ្លះ​គាត់​ប្រហែល​មិន​ចាប់អារម្មណ៍​ចំពោះ​ស្នាម​សង្វារ ឬ​ក៏​គីឡូ​របស់​អ្នក​ឡើយ។
៤. មិន​ច្បាស់លាស់នឹងអាជីពការងារ
ភាព​ប្រទាញ​ប្រទង់​ចាប់​ផ្ដើម​កើត​ឡើង បើ​សិន​ជា​សម្រេច​ចិត្ត​នៅ​ផ្ទះ​មើល​ថែ​កូន មាន​អារម្មណ៍​ថា​ឯកោ នឹក​ការងារ និង​មិត្ត ភក្តិ​ តែ​បើ​សម្រេច​ចិត្ត​ថា​ចូល​ធ្វើការ មាន​អារម្មណ៍​ថា​ខុស​ចំពោះ​កូន ដែល​មិន​បាន​មើល​ថែ​ផ្ទាល់​ដៃ ពេល​កូន​នៅ​តូច។
ដំណោះស្រាយ៖​ សួរ​យោបល់​អ្នក​ដែល​មាន​បញ្ហា​ដូច​អ្នក។ តែ​បើ​អ្នក​សម្រេច​ចិត្ត​យក​មួយ​ណា​ គួរ​តែ​សាក​ឲ្យ​បាន​យ៉ាង​ហោច​មួយ​ឆ្នាំ។ រក​ការងារ​ក្រៅ​ម៉ោង ដែល​អាច​ឲ្យ​អ្នក​នៅ​ជាមួយ​កូន​បាន​ច្រើន​ និង​មិន​ភ្លេច​ការងារ។
៥.អ្នក​គិត​ថា​អ្នក​ត្រូវ​តែ​ជា​ម្តាយ​ល្អ​គ្រប់​ដប់
អ្នក​ចង់​ឲ្យ​កូន និង​គ្រួសារ​អ្នក​ទទួល​បាន​ភាព​ឥត​ខ្ចោះ គ្មាន​សម្រែក​កូន​យំ ផ្ទះ​តែង​តែ​មាន​របៀប​រៀបរយ។ បើ​ដូច្នោះ​មែន​អ្នក​នឹង​ឆ្កួត​មិន​ខាន។ ត្រូវ​លុប​គំនិត​នេះ​ចោល ហើយ​ទទួល​ស្គាល់​ថា​អ្នក​អាច​ធ្វេស​ប្រហែស កូន​អាច​ត្រូវ​របួស​តិចតួច ព្រោះ​គេ​រពឹស​ពេក។ ផ្ទះ​អាច​រញ៉េរញ៉ៃ ព្រោះ​អ្នក​ត្រូវការ​សម្រាក​ខ្លះ។
ដំណោះស្រាយ៖​​ ទុក​កូន​ចោល​ក្នុង​រទេះ​ឈរ​មួយ​រយៈ យក​ពេល​ញ៉ាំ​បាយ ងូតទឹក សម្រាក​ដក​ដង្ហើម មិន​មែន​ជា​រឿង​ដែល​ត្រូវ​មាន​ទោស​នោះ​ទេ។ កុំ​ខ្វល់​សំដី​ដែល​អ្នក​ជុំវិញ​ខ្លួន តែងតែ​ទូន្មាន​ថា គួរ​តែ​ធ្វើ​បែប​នេះ បែប​នោះ ឫ​ក៍​មិន​គួរ​ធ្វើ​បែប​នេះ​បែប​នោះ។ យ៉ាងណា គួរ​តែ​អរគុណ​ពួក​គេ ហើយ​បន្ត​ធ្វើអ្វី​ដែល​អ្នក​គិត​ថា​ត្រូវ ៕ ​   



Thursday, September 20, 2018

ពពោះ - អាហារ​ជួយ​ឲ្យ​កូន​កើត​មក​មាន​ស្បែក​ស​បែប​ស៊ី​ជម្ពូ​

                                           

ជា​ធម្មតា​ ពណ៌​សម្បុរ​ស​ឬ​ខ្មៅ​ គឺ​បណ្ដាល​មក​ពី​ហ្សែន​របស់​ឪពុក​ម្ដាយ។​​ ពណ៌​សម្បុរ​កូន​នឹង​កាត់​ទៅ តាម​នោះ​ដែរ​។ ប៉ុន្តែ​ដើម្បី​បន្ថែម​ពី​លើ​កត្តា​ ហ្សែន​ នេះ​ ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​ញ៉ាំ​អាហារ​ទាំង​ ៤​​មុខ​នេះ​ ដើម្បី​ជួយ​ជំរុញ​ឲ្យ​កូន​កើត​មក​មាន​ពណ៌​សម្បុរ​ស​ស្អាត​ ពណ៌​ស៊ី​ជម្ពូ៖

១.​ ផ្លែ​ឈើ​ដែល​ផ្ទុក​វីតាមីន​ C​ច្រើន
អ្នក​ម្ដាយ​គួរ​ញ៉ាំ​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​ជាតិ​វីតាមីន​ C​ ច្រើន​ដូចជា​ ក្រូច​ ក្រូចឆ្មារ​ ប៉េង​ប៉ោះ​ ផ្លែ​ប៉ោម និង​ក្រូច​ខ្វិច។​ ជា​ពិសេស​អ្នក​មាន​ផ្ទៃ​ពោះ​ដែល​ឧស្សាហ៍​ខ្វះ​ឈាម​ ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​រាង​រាល់​ថ្ងៃ​ និង​ជួយ​បង្កើន​គ្រាប់​ឈាម​ និង​ថែម​ទាំង​ជួយ​ដល់​ស្បែក​ឲ្យ​ភ្លឺ​ថ្លា​ផង​ដែរ។​
២.​ ផឹក​ទឹក​ដូង​មួយ​ផ្លែ​រាល់​ថ្ងៃ​
ទឹក​ដូង​ផ្ទុក​ដោយ​វីតាមីន​ A,E,និង​ C​ ដែល​ជួយ​បំប៉ន​ស្បែក​ទារក​ឲ្យ​ស​ភ្លឺ​ ទន់​រលោង​ ពេល​កើត​មក​បាន។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ខ្សោយ​របស់​អ្នក​ម្ដាយ​ និង​បំពេញ​ជាតិ​អំបិល​ចាំ​បាច់​ទៅ​ក្នុង​រាង​កាយ។​
៣.​ ផ្លែ​ប៊ឺ​
ផ្លែ​ប៊ឺ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​វីតាមីន​ Omega-3 ​ខ្ពស់​ និង​ផ្ទុក​ដោយ​សារជាតិ​ខ្លាញ់​ដែល​ល្អ​ដែល​ សារពាង្គកាយ​ត្រូវ​ការ​។​ ម៉្យាង​ទៀត​ផ្លែ​ប៊ឺ​សំបូរ​ទៅ​ដោយ​ វីតាមីន​ Aនិង​ E​ដែល​សំខាន់​ក្នុង​ការ​ផលិត​ខូឡាជេន​ក្នុង​រាង​កាយ។ ដូច្នេះ​អ្នក​ម្តាយ​គួ​រញ៉ាំ​ ផ្លែ​នេះ​ ៣​ខែ​មុន​សម្រាល​ ដើម្បី​ឲ្យ​កូន​កើត​មក​សាច់​ស​ស្អាត។​
៤.​ ទឹក​ទំពាំង​បាយ​ជូរ​ស្រស់
ទឹក​ទំពាំង​បាយ​ជូរ​ស្រស់​សំបូរ​វីតាមីន​​AHA ​ដែល​ជួយ​បំប៉ន​សម្បុរ​ស្បែក​កូន​ឲ្យ​ស​តាំង​ពី​នៅ​ក្នុង​ពោះ​។​ ម្ដាយ​គួ​រញ៉ាំ​ ទឹក​ទំពាំង​បាយ​ជូរ​ស្រស់​នេះ​ចាប់​ពី​ពពោះ​ ៣០​មីលីលីត្រ​ មួយ​ថ្ងៃ​ ២​កែវ​ ព្រឹក​ម្ដង​ល្ងាច​ម្តង​ដើម្បី​ឲ្យ​បាន​កូន​មក​ស​ស្អាត​ដូច​សំឡី
ទឹកដោះគោ
វា​​ពិត​ជា​សំខាន់​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែល​ត្រូវ​ញ៉ាំ​ទឹក​ដោះ​គោ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ២​កែវ​ក្នុង​មួយ​ថ្ងៃ​ជា​ប្រចាំ ព្រោះ​មាន​តែ​ទឹក​ដោះ​គោ​ទេ​ ដែល​ជា​ប្រភព​កាល់​ស្យូម ប្រូតេអ៊ីន និង​វីតាមីន ល្អ​បំផុត​ក្នុង​កំឡុង​ពេល​ពរ​ពោះ បើ​មិន​ដូច្នេះ​ទេ​ស្ត្រី​អាច​បាត់​បង់​សារជាតិ​ចិញ្ចឹម​ចាំ​បាច់​សម្រាប់​ទ្រ​ទ្រង់​សុខភាព​ខ្លួន ដោយ​សារ​ការ​បឺត​ជញ្ជក់​ទៅ​បំពេញ​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ។
បើ​អ្នក​មិន​ចង់​ញ៉ាំ​ទឹក​ដោះ​គោ​ស្រស់ អ្នក​ម្ដាយ​ក៏​អាច​ជ្រើស​ប្រភេទ​ម្សៅ​ទឹក​ដោះ​គោ ដែល​​មាន​គុណ​ប្រយោជន៍​ជា​ច្រើន​ដូច​ សម្បូរ​វីតាមីន សារធាតុ​ចិញ្ចឹម និង​ប្រូតេអ៊ីន ដែល​ចាំ​បាច់​បំផុត​សម្រាប់​អ្នក​ម្ដាយ និង​ទារក​ឲ្យ​លូត​លាស់​បាន​ល្អ ហើយ​​ក៏​អាច​ជួយ​ទប់​ទល់​អាការៈ​ចាញ់​កូន និង​ជួយ​ទប់ទល់​ការ​ឡើង​ទម្ងន់​ហួស​កម្រិត​ទៀត​ផង​ដែរ៕​



កូន​ឆ្លាតមាន​ប្រាជ្ញា - អាហារ​ចម្បង​ ៧​យ៉ាង​

                                               


ការ​លូត​លាស់​ខួរ​ក្បាល​ខ្លាំង​របស់​ក្មេង​គឺ​នៅ​អាយុ​តាំង​ពី​កើត​ដល់​អាយុ​៦​ឆ្នាំ។​ ការ​លូត​លាស់​ប្តេជ្ញា​គឺ​ផ្អែក​លើ​កត្តា​៣​យ៉ាង​ ហ្សែន​ ការ​ហ្វឹក​ហាត់​ និង​ជីវជាតិ​បំប៉ន។​ ហេតុ​នេះ​ហើយ​របប​អាហារ​ក៏​ជា​ចំណែក​មួយ​ដ៏​សំខាន់​សម្រាប់​ខួរ​ក្បាល​ក្មេង​ដែល​កំពុង​លូត​លាស់​ដែរ។​ គួរ​តែ​យល់​ដឹង​ពី​អាហារ​ចម្បង​ទាំង​នេះ​ដែល​ជំនួយ​ដល់​ខួរ​ក្បាល​និង​​ប្រាជ្ញា​ក្មេង​៖
១.​ ជាតិ​ស្ករធម្មជាតិ​
ខួរ​ក្បាល​ត្រូវ​ការ​ជាតិ​ស្ករ​ប្រមាណ​២០​ភាគ​រយ​នៃ​ជាតិ​ស្ករ​ទាំង​មូល​នៅ​ក្នុង​រាង​កាយ​​ដើម្បី​រក្សា​ដំណើរការ​ឱ្យ​មាន​ប្រសិទ្ធភាព។​ អ្នក​ម្តាយ​គ្រប់​រូប​គួរ​តែ​ឱ្យ​កូន​ញ៉ាំ​អាហារ​ដែល​សំបូរ​កាបូន​អ៊ីដ្រាត​ដូច​ជា​ ផ្លែ​ឈើ​មាន​ជាតិ​សម្រក​គីឡូ​ (ក្រូច​ថ្លុង​ ផ្លែ​ប៉ោម​...)។​ កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​មិន​ល្អ​ដល់​សុខភាព​ដូចជា​ ភេសជ្ជៈ​ ស្ករ​គ្រាប់​ តែ។ល។ ពី​ព្រោះ​វា​ធ្វើ​ឱ្យ​កូន​អ្នក​ងាយ​ឡើង​គីឡូ​ ហើយ​ប៉ះ​ពាល់​សុខភាព​ដោយ​ប្រយោល។
២.​ DHA
DHA​ គឺ​ជា​អូមេហ្គា៣​ដែល​ជា​ជាតិ​ខ្លាញ់​ល្អ​បំផុត​សម្រាប់​ខួរក្បាល​និង​រីទីណា​។ ជីវជាតិ​បំប៉ន​ទាំង​នោះ​ចូល​រួម​ក្នុង​បង្កើត​សរសៃ​ឈាម​របស់​សរសៃ​ប្រសាទ​ដើម្បី​ជួយ​ដល់​ដំណើរ​ការ​របស់​ខួរ​ក្បាល​និង​ការ​លូត​លាស់​ប្តេជ្ញា​របស់​ក្មេង។ អូមេហ្គា​៣​មាន​នៅ​ក្នុង​ត្រី​សាល់ម៉ុន​ ត្រី​ធូណា​ បេះ​ដូង​ ថ្លើម​ ទឹក​ដោះ​គោ​ សារាយ​សមុទ្រ​ និង​ប្រេង​បន្លែ។ល។​ ការ​សិក្សា​ក៏​បាន​ណែ​នាំ​ថា​គួរ​តែ​ឱ្យ​កូន​តូច​ញ៉ាំ​ត្រី​២​ដង​ក្នុង​មួយ​សប្តាហ៍។​
៣.​ Phospholipid និង​ Lecithin
សារធាតុ​ទាំង​ពីរ​នេះ​គឺ​សំខាន់​សម្រាប់​សកម្មភាព​របស់​ខួរក្បាល។​ វា​ផ្តល់​ជំនួយ​ដល់​ការ​ចង​ចាំ​ តំណប​រំញោច​និង​រេផ្លិច​នៃ​ខួរក្បាល​បាន​លឿន។​ Phospholipid និង​ Lecithin​ ច្រើន​តែ​មាន​នៅ​ក្នុង​ស៊ុត​ សណ្តែក​ ។​ អ្នក​ម្តាយ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​អោយ​កូន​ញ៉ាំ​របស់​ទាំង​នេះ​ដើម្បី​ជំនួយ​ដល់​ការ​ចង​ចាំ។​

៤.​ អាមីណូ​អាស៊ីដ​
តួនាទី​របស់​អាមីណូ​អាស៊ីដ​គឺ​ជួយ​បង្កើន​ភាព​ច្នៃ​ប្រឌិត​របស់​ក្មេង​ដូច​ជា​ DHA​ ដែរ។​ អាមីណូ​អាស៊ីដ​ទាំង​ពីរ​ដែល​សំខាន់​នោះ​គឺ​ Tryptophan និង​ Tyrosine។​ សារធាតុ​ Tryptophan​ មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ ឈីស​ សាច់​ស្រស់​ ស៊ុត​ គ្រាប់​ធញ្ញជាតិ​ និង​សារាយ​សមុទ្រ។​ រីឯ​ Tyrosine​ គឺ​ជា​អាស៊ីដ​ដែល​រាង​កាយ​អាច​សំយោគ​បាន។​ ហើយ​វា​មាន​នៅ​ពេល​ដែល​រាង​កាយ​ញ៉ាំ​បាន​គ្រប់​គ្រាន់។
៥.​ វីតាមីន​ និង​សារធាតុ​រ៉ែ
វីតាមីន​និង​សារធាតុ​រ៉ែ​ប្រៀប​ដូច​ជា​ស្ពាន​ចំលង​ជីវជាតិ​បំប៉ន​ទៅ​ខួរក្បាល។​ នៅ​ពេល​អាមីណូ​អាស៊ីដ​ដំណើរ​ការ​នៅ​ក្នុង​រាង​កាយ​ វីតាមីន​និង​សារធាតុ​នឹង​បំលែង​វា​ទៅ​ជា​ប្រព័ន្ធ​បញ្ជូន​សរសៃ​ប្រសាទ។​ អ្នក​ម្តាយ​គួរ​តែ​បន្ថែម​វីតាមីន ​និង​ B​ ស័ង្កសី​ និង​ម៉ាញេស្យូម​ឱ្យ​កូន​ជា​ប្រចាំ​ ។

៦.​ ជាតិ​ដែក​ និង​ អ៊ីយ៉ូត​
អ៊ីយ៉ូត​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ភាព​ឆ្លាត​វៃ​ ការពារ​ជំងី​ពកក​ អសកម្ម​។ល។​ ជាតិ​ដែក​មាន​នាទី​ដឹក​នាំ​ឈាម​ ការពារ​ជំងឺ​ស្លេក​ស្លាំង​។ កង្វះ​ការ​ផ្គត់​ផ្គង់​ឈាម​ធ្វើ​ឱ្យ​ក្មេង​ឆាប់​ហត់​ ឧស្សាហ៍​ឈឺ​ក្បាល​ វិលមុខ​ជា​ដើម។​ អាហារ​ដែល​សម្បូរ​ជាតិ​ដែក​គឺ​ ថ្លើម​ សាច់​ ត្រី​ ស៊ុត​ បន្លែ​បៃតង​ និង​សណ្ដែក។​
៧.​ កូលីន​ Choline
កូលីន​ជំនួយ​ដល់​ការ​ចង់​ចាំ​រយៈ​ពេល​យូរ។​ រាង​កាយ​របស់​មនុស្ស​យើង​ផលិត​សារធាតុ​កូលីន​តិច​ណាស់​ ហេតុ​នេះ​ហើយ​ដើម្បី​ឱ្យ​វា​ផលិត​បាន​គ្រប់​គ្រាន់​អ្នក​គួរ​តែ​ឱ្យ​កូន​ញ៉ាំ​ស្រូវ​សាលី​ សណ្តែក​ ស្ពៃ​និង​ផ្កា​ខាត់​ណា​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​កូលីន៕​