អាកប្បកិរិយារបស់កូនគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីទង្វើទាំងឡាយរបស់ឪពុកម្ដាយ។
មានម្ដាយឪពុកមួយចំនួនដែលជួបការលំបាកក្នុងការចិញ្ចឹមបីបាច់កូន
ដោយសារការរវល់នឹងការងារដែលបង្កើតជាគម្លាតក្នុងការផ្ដល់ភាពកក់ក្ដៅដល់កូន។
មានការណែនាំតាមបែបវិទ្យាសាស្ត្រទំនើបជាច្រើនដែលអាចជួយឪពុកម្ដាយថ្មីថ្មោងសាកល្បង
ដើម្បីជម្រុញខួរក្បាលកូនលូតលាស់បានល្អ
និងពត់ចរិយាមារយាទរបស់ពួកគេឱ្យប្រសើរឡើង។
ធ្វើគំរូសម្រាប់កូន
ដើម្បីឱ្យកូនធំធាត់ឆ្លាត និងមានចរិតគួរឱ្យស្រឡាញ់
សំខាន់បំផុតគឺរឿងផ្លូវចិត្តនេះតែម្ដង។
ឪពុកម្ដាយដែលចង់ឱ្យកូនមានផ្នត់គំនិតសុភាពរាបសារ
គ្មានគំនាបផ្លូវចិត្ត
ត្រូវតែចេះបង្ហាញក្ដីស្រឡាញ់រវាងគ្នានឹងគ្នាឱ្យកូនបានឃើញ នោះពួកគេនឹងរៀនតាម
និងយល់ថាត្រូវរស់នៅក្នុងក្ដីស្រឡាញ់ និងចែករំលែក។ ផ្ទុយទៅវិញ
បើគេឃើញតែជម្លោះ ហិង្សា ឬបញ្ហាប៉ះពាល់ផ្លូវចិត្តផ្សេងៗ
វាក៏នឹងក្លាយជាផ្នត់គំនិតដែលពួកគេចងចាំ ដូចជាចេះគំហក ចេះតមាត់
ចំណែកខួរក្បាលក៏មិនបានលំហែឱ្យស្រឡះល្អដែរ។
បំបៅដោះកូន
តាមការណែនាំពីគ្រូពេទ្យជំនាញនានាសុទ្ធតែជម្រុញឱ្យអ្នកម្ដាយព្យាយាមបំបៅដោះកូនឱ្យបានយូរបំផុតតាមដែលអាចធ្វើបាន
ដោយសារសារធាតុក្នុងទឹកដោះម្ដាយសម្បូរដោយជីវជាតិបំប៉នជាច្រើន
ដែលរាងកាយទារកត្រូវការជាចាំបាច់។ ម្យ៉ាងវិញទៀត ក្រៅពីផ្ដល់សារធាតុចិញ្ចឹម
ការបំបៅដោះកូនគឺជាផ្ដល់ក្ដីស្រឡាញ់ និងភាពកក់ក្ដៅដល់កូនតូច។
ប៉ុន្តែបញ្ហាប្រឈមមួយចំនួនដែលបណ្ដាលឱ្យអ្នកម្ដាយភាគច្រើនមិនអាចបំបៅដោះកូនបាន
ដូចជាការចេញទៅធ្វើការ ឬរកស៊ីនៅខាងក្រៅមួយថ្ងៃពេញ ហើយមិនអាចផ្ដល់ភាពស្និទ្ធស្នាលដល់កូនតូចក្នុងពេលចន្លោះពេលថ្ងៃនោះបាន។
ដូច្នេះសម្រាប់អ្នកម្ដាយមិនមានពេលបំបៅដោះកូនដោយផ្ទាល់
អាចជ្រើសយកវិធីច្របាច់ទឹកដោះទុក ដោយជ្រើសយកដបទឹកដោះណាដែលមានគុណភាពល្អ
អាចរក្សាទុកទឹកដោះដែលច្របាច់រួចឱ្យមានគុណភាព និងនៅស្រស់ដដែល
គ្មានខ្យល់ចេញចូលដែលបណ្ដាលឱ្យហើមពោះកូនជាដើម។
ឱ្យកូនគេងឱ្យបានគ្រប់គ្រាន់
ការគេងគឺជាកត្តាសំខាន់់មិនចាញ់របបអាហារប្រចាំថ្ងៃឡើយ។
កាលណាទារកគេងបានគ្រប់គ្រាន់ វាជួយឱ្យរាងកាយលូតលាស់បានល្អ
ការចងចាំប្រសើរឡើង និងឆ្លាតវៃ។
ការគេងឱ្យបានត្រឹមត្រូវក៏ជារឿងសំខាន់មួយដែលម្ដាយឪពុកមិនគួរមើលរំលងដែរ
ជាពិសេសសម្រាប់កូនតូច។ កាលណាគេគេងមិនត្រឹមត្រូវ ឬកន្លែងគេងមិនល្អ
ដូចជា គ្មានអនាម័យ ឬមានសំឡេងរំខានខ្លាំង វាក៏ប៉ះពាល់ដល់ការលូតលាស់របស់កូនដែរ។
ឧស្សាហ៍និយាយជាមួយកូន
មិនចាំបាច់ទាល់តែកូនធំចេះនិយាយទើបត្រូវនិយាយទៅកាន់ពួកគេនោះទេ។
ការនិយាយជាមួយកូនត្រូវបានគ្រូពេទ្យណែនាំឱ្យធ្វើឡើងតាំងពីនៅជាគភ៌ក្នុងផ្ទៃមកម្ល៉េះ។
ការនិយាយផ្ទាល់ជាមួយកូន មិនថា គភ៌ ទារក ឬជាកុមារឡើយ
វានឹងជួយឱ្យកូនឆាប់យល់ដឹងពីភាសា អារម្មណ៍
និងវិធីរស់នៅបានកាន់តែងាយស្រួល។ កូនដែលឪពុកម្ដាយឧស្សាហ៍និយាយរក
គឺឆាប់ចេះនិយាយលឿន។
បង្កើតបរិយាកាសសប្បាយៗ
និងពោរពេញដោយក្ដីស្រឡាញ់ឱ្យកូន
ទារកនិងក្មេងតូចៗមិនអាចរស់នៅដោយខ្លួនឯងបានទេ។
ពួកគេត្រូវការការយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្ដៅ
ដូចជាការមើលថែដោយគ្មានភាពនឿយណាយ ការនិយាយពាក្យផ្អែមល្ហែម
ការផ្ដល់ស្នាមថើប និងការបន្លែងលេងពីឪពុកម្ដាយ
និងក្រុមគ្រួសារជាចាំបាច់។ មិនដូច្នោះទេ ពួកគេនឹងធំឡើងជាមួយភាពឯកោ
ហើយអាចឈានដល់មានអត្តចរិតកោងកាច
មិនចូលចិត្តចូលរួមជាមួយអ្នកដទៃមិនខាន។
ទិញរបស់លេងឱ្យកូនឱ្យបានត្រឹមត្រូវ
គួរគិតគូរទិញប្រដាប់លេងសម្រាប់កូនឱ្យបានល្អៗ
ជៀសវាងការឱ្យពួកគេចេះលេងរបស់មុតៗ ឬកាចៗ ដូចជាដាវ
ឬរបស់សម្រាប់វាយដំគ្នា កាំភ្លើងជាដើម ព្រោះវានឹងក្លាយជាចំណូលចិត្តរបស់ពួកគេតាំងពីតូច
ហើយធំឡើងពួកគេក៏ឱបយកឥរិយាបទច្រងេងច្រងាងនេះដូចគ្នា។
កំណត់ម៉ោងពេលមើលទូរទស្សន៍
ឬប្រើឧបករណ៍អេឡិចត្រូនិក
មិនមែនហាមកូនមិនឱ្យប្រើរបស់ទាំងនេះសុទ្ធទេ
តែម្ដាយឪពុកវៃឆ្លាតត្រូវចេះកំណត់ម៉ោងពេលសម្រាប់ពួកគេ
ឱ្យចេះគោរពពេលវេលា ចេះដាក់វិន័យខ្លួនឯងថាម៉ោងណាត្រូវធ្វើអី
មិនមែនឱ្យតែទារដឹងតែឱ្យតាមចិត្តនោះទេ។ ធ្វើបែបនេះ យូរៗទៅ កូននឹងចេះរំអុក
ឬប្រកែកមិនធ្វើអ្វី បើមិនបានរបស់ដែលគេចង់បាននោះឡើយ។
បង្កើតទម្លាប់អានសម្រាប់កូន
គួរបង្រៀនកូនឱ្យចេះអានពាក្យ
ឬហៅឈ្មោះដើម្បីឱ្យគេឆាប់ស៊ាំនឹងពាក្យពេចន៍ប្រចាំថ្ងៃ។ ក្រៅពីនេះ
គួរទម្លាប់ឱ្យពួកគេចេះកាន់ប៊ិច ខ្មៅដៃឱ្យបានត្រឹមត្រូវ
និងបង្រៀនពួកគេឱ្យរៀនសរសេរអក្សរងាយៗ និងចងចាំការសរសេរឈ្មោះរបស់ខ្លួន
និងឈ្មោះក្រុមគ្រួសារ។ ការធ្វើបែបនេះ នឹងជួយឱ្យកូនឆាប់ចងចាំបានល្អ
និងរៀនពូកែនៅថ្ងៃមុខ៕