អនាម័យជាប្រការចាំបាច់ដើម្បីថែទាំសុខភាពអោយបានរឹងមាំ ការពារការឆ្លងមេរោគ និងជំងឺផ្សេងៗ។ ការចាប់ផ្តើមមានទំលាប់រក្សាអនាម័យខ្លួនប្រាណកាន់តែលឿន ជួយអោយអ្នកជៀសផុតពីបញ្ហាសុខភាពកាន់តែល្អ។ ក្នុងចំនោមចំនុចអនាម័យនានាដែលយើងត្រូវយកចិត្តទុកដាក់នោះ យើងនឹងលើកមកបង្ហាញនូវចំនុច១០ប្រការ ដែលកុមារគួរតែចាប់ផ្តើមទំលាប់ខ្លួនក្នុងការថែរក្សាអនាម័យអោយបានខ្ជាប់ខ្ជួន។

កុមារគួរតែដុសធ្មេញអោយបានយ៉ាងហោចណាស់២ដងក្នុង១ថ្ងៃ។ ចំណែកការដុសធ្មេញក្រោយពេលញ៉ាំអាហារក៏ជាប្រការល្អដែរ ដើម្បីទប់ស្កាត់ការកកើតបាក់តេរី និងជៀសផុតពីបញ្ហាពុកធ្មេញ។ កុមារគួរតែចេះដុសធ្មេញ អញ្ចាញធ្មេញ និងអណ្តាត។ បច្ចុប្បន្ន ឪពុកម្តាយមួយចំនួន អាចទទួលជំនួយក្នុងការលើកទឹកចិត្តអោយកូនដុសធ្មេញ ពីសំណាក់ ពេទ្យធ្មេញផងដែរ បន្ថែមលើអ្វីដែលសាលារៀន និងគ្រួសារបានព្យាយាម។
២. អនាម័យក្រចក
ក្រចកមានសុខភាពល្អរឹងមាំក៏ជាប្រការសំខាន់ដែរ ព្រោះមេរោគជាប់ក្រចក ងាយនឹងឆ្លងទៅភ្នែក ច្រមុះ ត្រចៀក មិនមាត់កុមារបានយ៉ាងលឿន។ កុមារគួរតែកាត់តំរឹមក្រចកអោយខ្លឺរៀងរាល់សប្តាហ៍។ ក្រចកខ្លីជួយកាត់បន្ថយចំនួនមេរោគដែលតោងជាប់ក្រចក ហើយវាមិនងាយបាក់ រឺរហែកឡើយ។ ចូរប្រយ័ត្ននឹងទំលាប់ខាំក្រចក ព្រោះមេរោគ និងកំទិចក្រចកដែលខាំដាច់ អាចនឹងចូលទៅតាមបំពង់អាហារ ហើយទៅដល់ក្រពះពោះរៀន ដែលនាំបញ្ហាសុខភាពយ៉ាងច្រើន។
៣. អនាម័យរាងកាយ
ការងូតទឹកសំអាតខ្លួនជួយជំរះកោសិកាងាប់ ក៏ដូចជាធូលីដែលតោងជាប់ស្បែក ដែលពួកនេះអាចបង្ករជាបញ្ហារមាស់ រលាកស្បែកជាដើម។ ក្នុងករណីដែលកូនមិនអាចងូតទឹកបាន ការជូនខ្លួនដោយអេប៉ុង រឺកន្សែងក៏ជាជំរើសល្អដើម្បីរក្សាអនាម័យរាងកាយកុមារបានដែរ។ លើសពីការងូតទឹក ការជូតខ្លួនអោយស្ងួត ស្អាតក៏ជាចំនុចសំខាន់ដែលកុមារត្រូវយកចិត្តទុកដាក់ផងដែរ។
៤. អនាម័យដៃ
ការលាងដៃកាន់តែសំខាន់ទៅទៀត។ ការលាងដៃ ជាសកម្មភាពសាមញ្ញ និងចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ តែវាជួយជំរះមេរោគ និងការរលាករមាស់បានយ៉ាងប្រសើរ។ មានជំងឺជាច្រើន ឆ្លងមកបង្ករបញ្ហាសុខភាពដល់កុមារដោយសារតែដៃមិនស្អាត ដូចជាជំងឺរាគរូសជាដើម។
៥. អនាម័យជើង
ហេតុអីត្រូវលាងជើង? ការលាងជើងស្អាត ជួយអោយជើងមិនមានក្លិនស្អុយ ជំរះពពួកដង្កូវ និងមេរោគស៊ីជើង។ កុមារគួរលាងជើងអោយលើសពី១ដងក្នុង១ថ្ងៃ ហើយត្រូវជូតអោយស្ងួតស្អាតបន្ថែមទៀត ព្រោះទឹកដែលជាប់នឹងម្រាមជើងជាធ្វើអោយជើងមានផ្សិត និងកើតជាជំងឺផ្សិតស៊ីជើង ដែលបង្ករការឈឺចាប់ និងក្លិនមិនល្អ។ ចំណែកកិច្ចការដែលពាកព័ន្ធនឹងការលាងជើងដែរនោះ គឺការរក្សាអនាម័យស្បែកជើង និងស្រោមជើង។
៦. អនាម័យពេលចូលបង្គន់
កុមារគួរតែទទួលបានការបង្រៀនអោយចេះជូតសំអាតបង្គន់មុននឹងអង្គុយ និងចាក់ទឹកសំអាតក្រោយពេលប្រើប្រាស់ហើយ។ អាណាព្យាបាលអាចបិទសញ្ញារំលឹកនៅកន្លែងដែលកុមារមើលឃើញស្រួល ចំពោះការជួយអោយគេរក្សាទំលាប់ល្អនេះបាន។ អនាម័យពេលចូលបង្គន់ក៏ទាក់ទងនឹងការលាងដៃដែរ។
៧. អនាម័យពេលក្អករឺកណ្តាស់
ការក្អកនិងកណ្តាស់ អាចចំលងមេរោគពីមនុស្សម្នាក់ទៅម្នាក់ទៀតបានយ៉ាងលឿនបំផុត។ ដូចនេះការមានអនាម័យជាប្រការចាំបាច់។ បើមិនបានរក្សាអនាម័យចំនុចនេះទេ គ្រួសារទាំងមូលនឹងជួយបញ្ហាសុខភាពជាប្រចាំដោយសារតែការឆ្លងមេរោគទៅវិញទៅមក។ កុមារត្រូវចេះប្រើកន្សែងខ្ទប់មាត់ និងច្រមុះ នៅពេលក្អក រឺកណ្តាស់ ហើយគេក៏ត្រូវប្រើកន្សែងស្អាតខ្ទប់មាត់ និងច្រមុះដូចគ្នា នៅពេលមានអ្នកជុំវិញខ្លួនក្អករឺកណ្តាស់ដែរនោះ។ ចំនុះនេះ ឪពុកម្តាយគួរតែរក្សាគំរូរអោយបានល្អ ដើម្បីអោយកូនរៀនតាម។
៨. អនាម័យផ្ទះសំបែង
ផ្ទះមានអនាម័យ នាំមកនូវបរិយាស្អាត និងគួរអោយចង់រស់នៅ។
- កុមារត្រូវរៀបសំភារៈផ្ទាល់ខ្លួន និងរបស់លេងអោយមានសណ្តាប់ធ្នាប់តាមកន្លែង
- រាល់សំរាម និងរបស់ដែលឈប់ប្រើប្រាស់ ត្រូវដាក់ទៅក្នុងធុងសំរាម
- កុមារត្រូវចេះញ៉ាំអាហារអោយមានរបៀប មិនប្រឡូកប្រឡាក់ និងមិនកំពប់
- កុមារល្អគួរចេះលើកចាន ស្លាបព្រា និងកែវប្រលាក់ទៅដាក់នៅក្នុងធុងលាងសំអាត
- សំលៀកបំពាក់ប្រលាក់ត្រូវដាក់ក្នុងកន្រ្តកសំរាប់បោកគក់
- កុមារគួរចៀសវាងរើសរបស់កខ្វក់ពីដីមកញ៉ាំ
- កុមារល្អត្រូវដឹងថា កន្លែងគេង មិនត្រូវយកអាហារ រឺរបស់លេងមកដាក់អោយប្រលាក់ឡើយ
ការនិយាយច្រើន ស្រែក ហ៊ោ និងធ្វើអោយប៉ះពាល់ដល់បំពង់ក ដែលនាំអោយមានការឈឺចាប់ ហើយអាចផ្លាស់ប្តូរសំលេងគេទៀតផង។ ការរក្សាអនាម័យបំពង់កគួរតែ៖
- ញ៉ាំទឹកច្រើន
- មិនត្រូវញ៉ាំរបស់ត្រជាក់ព្រោះធ្វើអោយរលាកបំពង់ក
- កុមារត្រូវចេះប្រើសំលេងធម្មតានៅពេលនិយាយ
ការរក្សាអនាម័យសក់ ជួយអោយកុមារមានសក់ស្អាត រឹងមាំ។ ក្បាលមិនស្អាត អាចនាំមកនូវ កមរមាស់ អង្គែរ ចៃ និងការរលាកស្បែកក្បាល។ ការកក់សក់អាចធ្វើបាន២ទៅ៣ដងក្នុង១សប្តាហ៍ ដើម្បីលាងជំរះធូលី និងខ្លាញ់ដែលតោងជាប់សរសៃរសក់ និងស្បែកក្បាល។ តែការកក់សក់ញឹកញាប់ពេកក៏អាចបង្ករជាបញ្ហាសុខភាពសក់ និងក្បាលផងដែរ។ រាល់ពេលកក់សក់ កុមារត្រូវប្រើសាប៊ូក្នុងចំណុះសមល្មម ហើយត្រូវប្រយ័ត្នចំពោះការចូលភ្នែក។ ការជូតសក់អោយស្ងួត និងសិតអោយរៀបរយក៏ជាទំលាប់ដ៏ល្អដែលកុមារត្រូវមានដែរ។
ប្រភពរូបភាព និងគំនិត៖ Top10homeremedies
No comments:
Post a Comment