តើជនជាតិកូរ៉េថែទាំម្តាយបែបណាក្រោយសំរាល?


រូបតំណាង

ស្រ្តីកូរ៉េត្រូវបានទូន្មានមិនអោយងូតទឹក យ៉ាងតិច១អាទិត្យ។ ពួកគេមិនត្រូវបានអនុញ្ញាតិអោយប៉ះទឹកត្រជាក់ឡើយ។ ៣អាទិត្យដំបូងក្រោយសំរាល ការចេញក្រៅផ្ទះត្រូវបានហាមឃាត់យ៉ាងតឹងរឹង។ ចំណែកស៊ុបសារាយសមុទ្រនឹងលេចមុខនៅលើតុអាហារគ្រប់ពេលរយៈពេលរាប់ខែ។

សន្លាក់ឆ្អឹងត្រគៀក ត្រូវបានសណ្តកចេញពីគ្នា ដើម្បីទុកកន្លែងអោយទារកលូតលាស់ ហើយដំណើរការផ្លាស់ប្តូរនេះចំណាយពេល៩ខែ ទៅតាមទំហំលូតលាស់របស់ទារក។ នៅពេលសំរាល គំលាតឆ្អឹងបានកើតឡើងរហូតដល់អតិបរិមា ដើម្បីអោយទារកអាច ធ្វើដំណើរចេញមកក្រៅបាន។ ក្រោយពេលទារកកើតមកហើយ អាងត្រគៀកត្រូវការពេលដើម្បីទាញចូលគ្នាវិញ ព្រមទាំងរៀបចំគ្រោងសន្លាក់ត្រគៀកថ្មី។ នេះជាហេតុផលដែល ៣អាទិត្យដំបូងក្រោយសំរាលត្រូវបានសង្កត់ធ្ងន់ក្នុងការយកចិត្តទុកដាក់។ អំឡុងពេលនេះ ម្តាយថ្មីមិនត្រូវធ្វើអ្វីដែលសកម្មនោះទេ ហើយត្រូវព្យាយាមការពារកុំអោយសណ្តកសន្លាក់របស់ពួកគេ។

វាមិនមែនត្រូវគេងលើគ្រែពេញ១ថ្ងៃនោះទេ តែអ្នកត្រូវចាប់ផ្តើមពីសកម្មភាពថ្នមៗ ហើយការចាប់ផ្តើមហាត់ប្រាណតិចៗកាន់តែលឿន ត្រូវបានគេយល់ស្របថា មានប្រយោជន៍សំរាប់អ្នកម៉ាក់ថ្មី។ វាអាចនឹងជួយសំរួលដល់បញ្ហាប្លោកនោម ទល់លាមក និងឈាមកក។ ត្រូវប្រាកដថា អ្នកមានអ្នកកំដរនៅក្បែរខ្លួននៅពេលអ្នកក្រោកឡើងលើកដំបូងក្រោយសំរាល ព្រោះអាចដួលសន្លប់។

អំឡុងពេល៣អាទិត្យនោះ អ្នកសួរសុខទុក្ខត្រូវបានហាមឃាត់ ហើយម្តាយថ្មី និងទារក មិនត្រូវគេអនុញ្ញាតិអោយចេញទៅក្រៅទេ។ នេះគឺដើម្បីជៀសវាងការប៉ះពាល់នឹងប្រភពមេរោគឆ្លង ព្រោះទាំងម្តាយនិងទារក មានប្រព័ន្ធការពារខ្សោយ។ អ្នកម្តាយថ្មី អស់កំលាំងដោយការបំបៅដោះ និងការមិនបានគេងយប់។ អ្នកម្តាយខ្លះប្រើហេតុផលនេះ ដើម្បីកុំអោយគេឃើញមុខហើមរបស់ខ្លួន។ ជនជាតិកូរ៉េលើកទឹកចិត្តម្តាយថ្មីអោយយកចិត្តទុកដាក់ថ្នមខ្លួនក្នុងពេល៣អាទិត្យដំបូងនេះ ទោះបីជាពួកគេចង់ស្រូបខ្យល់អាកាសក៏ដោយ។

ស្រី្តកូរ៉េ ជាទូទៅស្នាក់នឡក្នុងបន្ទប់កំដៅក្រោយសំរាល។ ទោះបីជាខែក្តៅក៏ដោយ អ្នកម្តាយមិនត្រូវរំពឹងថា ប្រើម៉ាស៊ីនត្រជាក់ រឺកង្ហាឡើយ។ អាវដៃខ្លីត្រូវបានហាមឃាត់។ អ្នកម្តាយថ្មីខ្លះ ត្រូវម្តាយរបស់ខ្លួនស្រែកបន្ទោរដោយសារតែមិនពាក់ស្រោមជើង។ ទឹកដែលញ៉ាំបាន គឺទឹកក្តៅ។ ការប៉ះទឹកត្រជាក់ក្រោយសំរាលត្រូវគេជឿថា ធ្វើអោយអ្នកឈឺរោយសន្លាក់ និងចុកចាប់ក្នុងរាងកាយធ្ងន់ធ្ងរ។ ចំពោះរឿងនេះ ស្រ្តីអឺរ៉ុបមួយចំនួនទទួលស្គាល់ថា ខ្លួនពិតជាពិសោធនូវការឈឺចាប់បែបនេះមែន ទោះបីជាមិនមានការយល់ស្របពីផ្នែកវេជ្ជសាស្រ្តក៏ដោយ។ ៣អាទិត្យដំបូងក្រោយសំរាល ជាពេលមិនគួរធ្វើកិច្ចការផ្ទះ តែរក្សាខ្លួនអោយសះស្បើយពីការសំរាល។ ប៉ុន្តែការរក្សាខ្លួនអោយក្តៅពេកមិនប្រាកដថា ធ្វើអោយអ្នកស្រួលខ្លួននោះទេ។ កំដៅល្មមៗ អាចជួយអោយអ្នកម្តាយថ្មី បង្កើតថាមពលមកវិញ។

រូបតំណាង
ម្តាយថ្មីទទួលទានស៊ុបសារាយសមុទ្រមួយចានធំ ១ថ្ងៃ៣ពេល។ ជនជាតិកូរ៉េយល់ថា សារាយសមុទ្រលាងឈាម លាងជាតិពុលក្នុងរាងកាយ ជួយអោយស្បូនកន្រ្តាក់រួមតូច និងបង្កើនទឹកដោះម្តាយ។ វេជ្ជសាស្រ្តមិនគាំទ្រគំនិតនេះទាំងស្រុងទេ តែវាជាការពិតដែលថា សារាយសមុទ្រជាអាហារសំបូរដោយជីវជាតិសំរាប់អ្នកម្តាយថ្មី។ វាផ្ទុកទៅដោយ កាល់ស្យូមខ្ពស់ ជាតិសរសៃរ និងជាតិដែកដែលចាំបាច់សំរាប់ស្រ្តីក្រោយសំរាល។ ស្រ្តីដែលបំបៅដោះដំបូងទាមទារអោយទទួលជាតិកាល់ស្យូមក្នុងបរិមាណដូចស្រ្តីពពោះដែរ។ ការទទួលជាតិអាហារសរសៃរ ជួយទប់ទល់ការទល់លាមក និងជួយម្តាយថ្មីអោយស្រកទំងន់ដោយសារតែបរិមាណកាឡូរីទាប។ អ្នកម្តាយជាទូទៅមានសភាពស្លេកស្លាំង (បាត់បង់គ្រាប់ឈាមច្រើន) ដោយសារការសំរាល ហើយត្រូវការជាតិដែកមកបង្គ្រប់។ មូលហេតុមួយទៀតដែលសារាយសមុទ្រផ្តល់គុណប្រយោជន៍នោះគឺ ការផ្តល់ជាតិទឹក។ យើងដឹងថា យើងត្រូវការជាតិទឹកច្រើនជាប្រចាំថ្ងៃ ដើម្បីផលិតទឹកដោះ។ វាទាមទារអោយយើងយកចិត្តទុកដាក់វាស់បរិមាណទឹកដែលយើងទទួលទាន។  ការទទួលទានទឹកស៊ុបសារាយសមុទ្រ ជាវិធីងាយៗក្នុងការផ្តល់ជាតិទឹក ហើយវាមានរសជាតិជាងទឹកសាប។ ប៉ុន្តែការទទួលទានបរិមាណអ៊ីយ៉ូតដែលមានក្នុងសារាយសមុទ្រច្រើនពេក អាចបណ្តាលអោយប៉ះពាល់ក្រពេញទីរ៉ូអ៊ីត។

រូបតំណាង
ការមិនងូតទឹកក្រោយសំរាលត្រូវគេយល់ថា មកពីកង្វះប្រព័ន្ធទឹកស្អាតកាលពីអតីតកាល។ វាប្រហែលជាដោយសារឥទ្ធិពលនៃប្រព័ន្ធទឹកក្តៅមិនគ្រប់គ្រាន់ ហើយការពិបាកក្នុងការសំងួត ក៏អាចជាមូលហេតុផងដែរ ព្រោះវាអាចធ្វើអោយម្តាយថ្មីងាយនឹងផ្តាសាយក្រោយងូតទឹកទាំងសក់មិនស្ងួត។ សព្វថ្ងៃការងូតទឹកមិនសូវចោទជាបញ្ហាសំរាប់ម្តាយថ្មីនៅកូរ៉េទៀតទេ។ បើសិនជាសក់អ្នកស្ងួត ហើយសីតុណ្ហភាពក្នុងបន្ទប់ទឹកមិនត្រជាក់ពេក ការលាងសំអាតញើស និងឈាមពិតជាចាំបាច់ មិនត្រឹមតែកត្តាអនាម័យ និងសុខភាពប៉ុណ្ណោះទេ តែវាថែមទាំងជួយបន្ធូរអារម្មណ៍ក្រោយការឈឺចាប់ និងនឿយហត់ដ៏វែងមកនោះផង។


No comments:

Post a Comment