រឿងដែលអ្នកគួរធ្វើដោយប្រុងប្រយ័ត្នជាមួយទារកទើបនឹងកើត




១. អោយកូនគេងផ្កាប់មុខ
ទារកជាច្រើន បានស្លាប់ដោយសារតែបរិយាកាស និងឥរិយាបថនៃការគេងមិនត្រឹមត្រូវ។  ការថប់ដង្ហើម និងការស្ទះចរន្តឈាម ជាមូលហេតុចំបងដែលបណ្តាលអោយទារកគេងផ្កាប់អាចមានគ្រោះថ្នាក់ដល់ជីវិត។
មានវិធីជាច្រើនសម្រាប់ឪពុកម្តាយ ក្នុងការរក្សាកូនដែលកំពុងគេងលក់អោយមានសុវត្ថិភាព។ អ្នកឯកទេសខាងទារកបានផ្តល់អនុសាសន៍ថា ទារកដែលមានសុខភាពល្អ គួរតែដាក់អោយគេងផ្ងារ។ ការដាក់អោយគេងផ្ងារ ជាកាយវិការគេងមានសុវត្ថិភាពបំផុតសំរាប់ទារក។
លោកប៉ាអ្នកម៉ាក់គួរតែដាក់កូនអោយផ្កាប់មុខខ្លះ នៅពេលដែលគេភ្ញាក់ដឹងខ្លួន។ ការអោយទារកគេងផ្កាប់ ជួយអោយសាច់ដុំក រឹងមាំ និងកាត់បន្ថយបញ្ហាក្បាលសំប៉ែតក្រោយ។ ប៉ាម៉ាក់គួរតែនៅជាមួយកូននៅពេលដែលដាក់អោយកូនគេងផ្កាប់ ហើយត្រូវប្រាកដថា កូនមិនមែនគេងលក់ទេ គឺគេនៅភ្ញាក់ដឹងខ្លួននៅឡើយ។

២. អោយមនុស្សគ្រប់គ្នាថើបកូន
ចូរគិតពីពពួកបាក់តេរី និងមេរោគដែលអាចមកប៉ះនឹងកូនតូចរបស់អ្នក។ មេរោគមួយចំនួនដែលមិនអាចបង្ករបញ្ហាដល់មនុស្សទូទៅ អាចបណ្តាលអោយមានបញ្ហាធ្ងន់ធ្ងរចំពោះទារកទើបនឹងកើតបាន។ ការថើប នឹងការកាន់ទារកទាំងដៃមិនស្អាត អាចចំលងជំងឺដល់ទារកបាន។ ប្រព័ន្ធភាពស៊ាំនៃរាងកាយទារកនៅខ្សោយ មិនទាន់អាចការពារពួកគេពីជំងឺនានាបានទេ។
អ្នកអាចសូមអោយអ្នកមកលេង លាងដៃមុននឹងកាន់ទារក ហើយសូមអោយគេងកុំថើបកូនរបស់អ្នក។ បើគេមានជំងឺ អ្នកអាចសូមអោយគេមកលេងនៅពេលក្រោយ។ មានវិធីគួរសមមួយចំនួនដែលលោកប៉ាអ្នកម៉ាក់អាចប្រើ ដើម្បីការពារកូនរបស់អ្នកបាន។ តែបើទោះបីជា ហួងហែងជ្រុល ប្រយ័ត្នប្រយ៉ែងហួស ក៏វាល្អជាងកូនឈឺដែរ ព្រោះអ្នកមិនគួរយកសុខភាពកូនតូចមកប្រថុយនោះទេ។

៣. ទុកអោយកូនស្លៀកសំលៀកបំពាក់ និងខោទឹកនោមប្រលាក់រយៈពេលយូរ
ស្តាប់ទៅដូចជារឿងមិនចាំបាច់និយាយ ប៉ុន្តែមានពេលខ្លះយើងត្រូវសង្កត់ធ្ងន់ចំពោះរឿងតូចតាចបែបនេះដែរ។ ទោះបីជាការប្រលាក់នោះ តិចមែនទែន តែទារកទើបនឹងកើតងាយប្រតិកម្មនឹងភាពកង្វក់ ហើយនិងទឹកនោមណាស់ គឺគេខ្សោយជាងទារក៦ខែយ៉ាងខ្លាំងតែម្តង។ សូមឧស្សាហ៍មើលខោទឹកនោមកូន ហើយបើមានទឹកនោមហើយ ឆាប់ដូរចេញភ្លាម កុំទុករហូតដល់សើមខ្លាំងអី។ វាអាចបង្ករអោយមានភាពធ្ងន់ មិនមានផាសុខភាព។ វាក៏អាចបង្ករជាការរមាស់ រលាក កន្តួលទៀតផង។

៤.ការស្លៀកពាក់ រឺគ្របដណ្តប់ច្រើនជាន់ពេក
ទារកទើបនឹងកើត អាចរងារដោយសារទើបនឹងប៉ះអាកាសធាតុខាងក្រៅ ប៉ុន្តែ អ្នកមិនគួររុំ រឺស្លៀកពាក់ក្រាស់ពេកនោះទេ។ ការស្លៀកពាក់ក្រាស់ពេកអាចបណ្តាលអោយកូនកើតគ្រុនក្តៅ និងខ្សោះជាតិទឹក បើអ្នកមិនបានពិនិត្យត្រឹមត្រូវ។ សំលៀកបំពាក់ និងកន្សែងរុំកូនគួររៀបចំអោយងាយស្រួលក្នុងការដោះចេញ រឺបន្ថែមវិញ ដើម្បីរក្សាកំដៅខ្លួនកូនអោយបានត្រឹមត្រូវ។




No comments:

Post a Comment