​លោកប៉ាគួរដឹងទោះអ្នកម៉ាក់មិននិយាយ៖ កិច្ចការដែល​​ភរិយាមាន​ផ្ទៃ​ពោះចង់បានពីស្វាមី



១. ជួយ​ដោយមិនបាច់សុំ
ការពពោះស្រូបថាមពល ហើយក៏កាត់បន្ថយកំលាំងទៀតផង។ នារីជាភរិយាអាចនឹងមកដល់ផ្ទះភ្លាម គេងលក់ភ្លាមក្រោយពីចេញពីធ្វើការ។ ដោយសារតែការលូតលាស់របស់ទារកធ្វើអោយគាត់អស់កំលាំង ហើយធ្វើការមិនបានច្រើននិងរហ័សដូចមុន។ គាត់ត្រូវចំណាយពេលច្រើនជាងមុនដើម្បីធ្វើកិច្ចការក្នុងទំហំដែលគាត់ធ្លាប់ធ្វើ នេះជាហេតុផលដែលនាំអោយស្រ្តីខ្លះ គេងមិនគ្រប់គ្រាន់។ ស្វាមីគួរព្យាយាមធ្វើកិច្ចការនានាជុំវិញផ្ទះដែលអ្នកធ្លាប់ឃើញប្រពន្ធអ្នកធ្វើ។ នៅពេលឃើញផ្ទះមិនសូវរញ៉េរញ៉ៃ ប្រពន្ធអ្នកអាចនឹងព្រមសំរាកខ្លះ។

២.​ ភរិយាថ្មី ប្តីក៏ថ្មី
ដើម្បីកូន ម្តាយនឹងលះបង់នូវចំណូលចិត្ត និងទំលាប់ផ្សេងៗដែលអាចបង្ករបញ្ហាដល់ទារកក្នុងផ្ទៃ។ ស្រ្តីខ្លះ ព្យាយាមផ្តាច់បារី ស្រា ហើយសូម្បី តែនិងកាហ្វេ។ នាងនឹងខំប្រឹងផ្លាស់ប្តូរទំលាប់រស់នៅអោយមានសុខភាពល្អ។ ចូលរួមជាមួយប្រពន្ធ ក្នុងការរស់នៅជាមួយនឹងទំលាប់ថ្មី ជីវភាពថ្មី បែបបទជីវិតថ្មី ស្ថានភាពថ្មី។ នេះជាការផ្តល់កំលាំងចិត្តអោយនាង ក៏ដូចជាបង្ហាញអោយនាងដឹងថា អ្នកក៏ខ្វល់ខ្វាយពីសុខភាពរបស់នាង និងកូនដូចគ្នាដែរ។

៣. បង្កើនចំណេះដឹងរបស់ខ្លួន
​អ្នកគួរស្រាវជ្រាវ អានសៀវភៅ ទទួលការណែនាំពីមនុស្សចាស់ ពិភាក្សាជាមួយមនុស្សជុំវិញ។ អ្នកគួរស្វែងយល់ពីអ្វីដែលអ្នកត្រូវរំពឹង ទាក់ទងនឹងការពពោះ និងការសំរាល។ ធ្វើបែបនេះ អ្នកនឹងក្លាយជាស្វាមី និងលោកប៉ាដ៏គួរអោយទុកចិត្ត និងពឹងផ្អែកបាន។ ប្រពន្ធអ្នកនឹងមានទំនុកចិត្ត ហើយស្មារតីពពោះនឹងរឹងមាំ។

៤. ពេលដែលនាងត្រូវការអ្នក អ្នកតែងតែនៅក្បែរនាង
ជាការពិត មនុស្សស្រីពពោះ តែងត្រូវការមនុស្សនៅក្បែរ ព្រោះមានកិច្ចការជាច្រើន ដែលនាងមិនអាចធ្វើដោយខ្លួនឯង រឺមិនអាចធ្វើតែម្នាក់​ឯងបាន។ វាហាក់ដូចជាហួសហេតុ បើអ្នកត្រូវនៅក្បែរនាងរហូតនោះ។ តែពេលវេលាសំខាន់ៗមួយចំនួនពិតជាត្រូវការវត្តមានអ្នកនៅក្បែរនាងខ្លាំងជាងធម្មតាមែន ដូចជា ការទៅពិនិត្យសុខភាព ការទៅតាមដានការលូតលាស់របស់កូន ការទៅទិញសំភារៈសំរាប់សំរាល និងសំរាប់ទារក។ អ្នកគួររៀបពេលប្រចាំអាទិត្យ ដើម្បីអង្គុយជាមួយនាង និយាយទៅរកកូនជាមួយគ្នា។ ត្រូវបង្ហាញថា អ្នកចង់នៅក្បែរនាងនិងកូន ហើយអ្នកស្រលាញ់ ចង់ថែរក្សា និងចិញ្ចឹមកូន។ ត្រូវអោយនាងទុកចិត្តថា អ្នកនឹងនៅក្បែរនាង នៅពេលវេលាដែលនាងខ្លាច។

៥. សរសើរថាប្រពន្ធស្អាត
សម្រស់​មនុស្ស​ស្រី មាន​ការ​ប្រែប្រួល​​​ពេល​កំពុង​មាន​ផ្ទៃ​ពោះ។ នាង​​ពិត​ជា​មាន​ការ​បារម្ភ​ពី​​ស្នាម​សង្វារ ការ​ឡើង​ទម្ងន់ ឬ​ក៏​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ចាស់​ជាង​មុន។ ហេតុ​នេះ​ហើយ ស្វាមី​គួរ​ចេះ​សរសើរ​ប្រពន្ធ ធ្វើ​ឲ្យ​​នាង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ព្រម​ទាំង​បញ្ជាក់​ឲ្យ​​នាង​បាន​ដឹង​ថា អ្នកស្រលាញ់នាងប៉ុណ្ណា។

៦. ងូតទឹក និងជួយម៉ាស្សាអោយនាង
ការងូតទឹកក្តៅ ជួយបន្ធូរអារម្មណ៍ បន្ថយសំពាធរាងកាយ ជួយអោយគេងលក់ និងបំបាត់ការឈឺចាប់តាមរាងកាយ។ ការជួយដុសខ្នងអោយនាង ក៏ជារឿងដែលនាងត្រូវការបំផុតដែរ ព្រោះនាងពិបាកខ្លាំងក្នុងការឈោងទៅដុះខ្នង។ នាង​តែង​​ស្ពឹក​ស្រពន់ ត្រង់​ប្រអប់ជើង ឈឺ​រោយ​ឆ្អឹងខ្នង​​​ជាដើម ដូច្នេះ​ដល់​ពេល​ដែល​អ្នក​ត្រូវ​បញ្ចេញ​​​ជំនាញ​​របស់​អ្នក​ហើយ។ ពេល​​ដែល​​ម៉ាស្សា​ទៅ​​​​ នាង​​ប្រាកដ​ជា​បានធូរ​ស្រាល​ច្រើន។​ វាបញ្ជាក់ថា អ្នកបារម្ភ និងយកចិត្តទុកដាក់ពីនាងកំរិតណា។

៧. ស្តាប់​ ​ពិភាក្សា អធ្យាស្រ័យ​ និងផ្តល់អាទិភាពដល់​នាង
​ពេល​ពោះ​​ធំ​អ័រម៉ូន​មាន​ការ​​​ប្រែប្រួល អារម្មណ៍​មនុស្ស​ស្រី​​ឡើងចុះ​មិន​ទៀង ពេល​ខ្លះ​សប្បាយ​​ហើយ​ពេល​ខ្លះ​ក៏​ខឹង​ឆេវឆាវ​មួយ​រំពេច។ មិន​ត្រូវ​ប្រកាន់​ខឹង​នាង ហើយ​ព្យាយាម​ស្តាប់​ពេល​ដែលនាង​និយាយ​​រៀប​រាប់ប្រាប់​ពី​​សុខ​ទុក្ខ​ទាំង​ឡាយ។ មានបញ្ហាខ្វល់ខ្វាយ ក្តីបារម្ភជាច្រើន ដែលអ្នកទាំងពីរកំពុងទុកក្នុងចិត្ត។ ការលើកវាមកពិភាក្សាគ្នា នឹងនាំអោយយើងយល់ពីគ្នាកាន់តែច្បាស់ ហើយអាចលួងលោមគ្នាទៅវិញទៅមកបាន។ ប៉ុន្តែ អារម្មណ៍មនុស្សស្រីនៅពេលពពោះ អាចនឹងឡើងចុះលឿនជាងមនុស្សធម្មតា ហេតុនេះ ភាគីស្វាមីគួរផ្តល់អាទិភាពអោយនាង ទោះការនិយាយ ការស្តាប់ និងការពិភាក្សាគ្នាក៏ដោយ។

8. បង្កើត​អនុស្សាវរីយ៍​ល្អៗជាមួយ​នាង
កុំគិត​ថា​​ពេល​ប្រពន្ធពោះ​ធំ​​ហើយ មិន​ចង់​នាំ​​ចេញ​ដើរ​ទៅ​ណា​មក​ណា​ជាមួយ។ វា​ជា​រឿង​សំខាន់​ដែល​អ្នក គូរ​តែ​នាំ​​នាង​ដើរផ្សារ ទៅ​កន្លែង​ណា​ដែល​​មាន​ទេសភាព​​ស្រស់​បំព្រង ថតរូប​ឲ្យ​​បាន​​ស្អាតៗ ទុក​ជា​​អនុស្សាវរីយ៍​​មើល​រួម​គ្នា​ពេល​ចាស់​ទៅ។

៩. មើល​ថែទាំ​នាង
​​​ពេល​សម្រាល​កូន​រួច ត្រូវ​ចំណាយ​ពេល​យូរ ទម្រាំ​បាត់​ការ​ឈឺចាប់​ មាន​កម្លាំង​​កំហែង​និង​បាន​​រឹង​ដៃ​រឹង​ជើង​ឡើង​វិញ។ ជាពិសេស​អ្នក​ត្រូវ​​មាន​ការ​​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​នាង ស្វែង​​​រក​​អាហារ​ណា​ដែល​ល្អ​សម្រាប់​នាង ហើយ​មិន​ត្រូវ​ភ្លេច​និយាយ​ថា អ្នក​ស្រលាញ់​​នាង​ជានិច្ច។​​




No comments:

Post a Comment