មេរៀនជីវិត៖ ដំបូន្មានរបស់អ្នកម៉ាក់ចំពោះកូនស្រី


. "កូនស្រីម៉ាក់សមនឹងទទួលបានការគោរពនិងស្រឡាញ់"
អ្នកត្រូវអនុញ្ញាតឱ្យកូនរបស់អ្នកបញ្ចេញអារម្មណ៍របស់នាងដោយសេរី។ ក្រសោបនាងដោយក្ដីស្រឡាញ់និងការគោរព ហើយក៏ណែនាំកូនអោយធ្វើដូចគ្នាចំពោះអ្នកវិញផងដែរ។ កូនរបស់អ្នកចាត់ទុកអ្នកជាគំរូដ៏ធំបំផុតរបស់នាង។ របៀបដែលអ្នកធ្វើហើយអ្វីដែលអ្នករំពឹងទុកនឹងមានឥទ្ធិពលលើសកម្មភាពរបស់នាងនាពេលអនាគត។

. "ការលំបាកនឹងធ្វើឱ្យកូនស្រីម៉ាក់កាន់តែរឹងមាំ"
អ្នកត្រូវតែបង្រៀនកូនរបស់អ្នកថា បញ្ហាប្រឈមធ្វើឱ្យនាងរឹងមាំ ហើយវាផ្តល់ឱកាសក្នុងការអភិវឌ្ឍន៍ខ្លួនជាមនុស្សកាន់តែល្អ។ អ្នកមិនគួរប្រញាប់ប្រញាល់ទៅជួយសង្គ្រោះនាង នៅពេលដែលនាងមានបញ្ហាក្នុងការគូរគំនូរអ្វីមួយនោះឡើយ។ អនុញ្ញាតឱ្យនាងស្វែងរកដំណោះស្រាយដោយខ្លួនឯង។ ការធ្វើបែបនេះ នឹងជួយឱ្យនាងបង្កើនជំនាញរបស់នាង។ អ្នកអាចផ្តល់ឱ្យនាងនូវឧបករណ៍ដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់នាង។ ការធ្វើបែបនេះនឹងធ្វើអោយនាងកាន់តែក្លាយទៅជាបុគ្គលល្អនៅពេលអនាគត។

. "កូនម៉ាក់គិតថាខ្លួនឯងជាអ្នកណា នោះនឹងក្លាយជាការពិត"
អ្នកមិនត្រូវនិយាយអ្វីអវិជ្ជមានអំពីខ្លួនអ្នកនៅចំពោះមុខកូន ៗ អ្នកទេ។ កុំនិយាយថា "ខ្ជិល" ឬ "ឆោតល្ងង់"។ កូនរបស់អ្នកអាចចាប់ផ្តើមចម្លងពីអ្នក ហើយចាប់ផ្តើមគិតអវិជ្ជមានអំពីខ្លួននាង។ បង្ហាញគោលដៅដែលអ្នកកំណត់សម្រាប់ខ្លួនអ្នក  ហើយបង្ហាញពីរបៀបដែលអ្នកសម្រេចបាន។ នេះនឹងផ្តល់នូវការយល់ដឹងកាន់តែប្រសើរចំពោះនាង។

. "យើងទាំងអស់គ្នា សុទ្ធតែជាមនុស្ស យើងប្រាកដជាមានកំហុស"
 អ្នកត្រូវតែបង្រៀនកូនថា មនុស្សប្រាកដជានឹងជួបពេលមិនល្អ  ហើយគ្រប់គ្នាអាចនឹងធ្វើកំហុសមិនខាន។ ពេលខ្លះយើងជួបឧបសគ្គ ហើយពេលខ្លះក៏មានគំនិតខ្វែងគ្នា។ សូមបើកចិត្ត ហើយបន្តដំណើរទៅមុខ ទុកពេលវេលាអតីតកាលធ្វើជាមេរៀន។

. "ធ្វើជាមនុស្សចិត្តទូលាយ ចេះលើកលែងទោសអ្នកដទៃ"
បង្រៀនកូនរបស់អ្នកអោយជួយអ្នកដទៃនៅពេលគេធ្វើអោយមានកំហុស រឺពេលគេមានបញ្ហា។ អ្នកគួរតែអនុញ្ញាតឱ្យកូនរបស់អ្នកឃើញពីទំនាក់ទំនងល្អរបស់អ្នកជាមួយមនុស្សជុំវិញ។ សូមបង្ហាញនាងនូវឧទាហរណ៍អំពីរបៀបស្នើសុំជំនួយផ្លូវចិត្ដនៅពេលដែលអ្នកជួបថ្ងៃលំបាក  របៀបដែលអ្នកគិតដល់អារម្មណ៍និងបញ្ហាផ្សេងៗរបស់អ្នកដទៃ។

. "កិច្ចការនឿយហត់តែងផ្តល់កំរៃ"
ជីវិតមិនមែនអំពីការសប្បាយរហូតនោះទេ ហើយមានបញ្ហាប្រឈមនៅក្នុងជំហាននីមួយៗ គួរដោះស្រាយដោយសេចក្តីឧស្សាហ៍ព្យាយាម។ បង្ហាញកូនរបស់អ្នកថា មានរឿងជាច្រើនដែលអ្នកធ្វើមិនមែនដោយសារតែអ្នក "ចូលចិត្ត" នោះទេ ប៉ុន្តែអ្នករំពឹងថានឹងមានកំរៃចំណេញយូរអង្វែងពីកិច្ចការនោះ។ បង្ហាញឧទាហរណ៏នៃការងារដែលមិនមែនជាចំណូលចិត្តរបស់អ្នក ប៉ុន្តែអ្នកនៅតែធ្វើវា ដោយសារតែវាផ្តល់ជីវិតល្អដែលអ្នកចង់បាន។

. "កូនស្រីម៉ាក់ត្រូវរៀនជានិច្ច"
មនុស្សយើងតែងតែរៀនមិនឈប់ឈរ សូម្បីតែពេលយើងចាស់ក៏ដោយ។ មានប្រភពនៃការរៀនសូត្រគ្មានទីបញ្ចប់នៅក្នុងជីវិតរបស់យ់ង។ យើងរៀនអ្វីៗជាច្រើនពីបទពិសោធន៍របស់យើងផ្ទាល់។ អ្នកត្រូវតែសិក្សាពីជីវិត និងចំណាប់អារម្មណ៍របស់កូនអ្នក  ដើម្បីជួយនាងរៀនពីរឿងថ្មីផងដែរ។

. "ត្រូវមានចិត្ដកតញ្ញូចំពោះអ្នកដទៃ"
អ្នកត្រូវលើកទឹកចិត្តកូនរបស់អ្នកឱ្យនិយាយថា "អរគុណ" នៅពេលដែលអ្នកដទៃបង្ហាញសេចក្ដីសប្បុរសដល់គ្រួសាររបស់អ្នក។ បង្រៀនកូនរបស់អ្នក អោយចេះរួមចំណែកក្នុងគ្រួសារ និងសហគមន៍។ អាចចាប់ផ្តើមពីកិច្ចការសាមញ្ញៗ ដូចជាការយកខោអាវប្រលាក់ដាក់ចូលកន្រ្តកបោកគក់ រឺប្រមូលខោអាវហាលស្ងួតមកទុកជាដើម។

សំខាន់បំផុត អ្នកត្រូវតែរំលឹកកូន ៗ របស់អ្នកម្តងហើយម្តងទៀតថា អ្នកនឹងនៅក្បែរពួកគេនៅពេលដែលត្រូវការ ហើយជួយពួកគេនៅពេលដែលត្រូវការ។ ប្រាប់កូនឱ្យរក្សានូវគំនិតវិជ្ជមាន ដើម្បីឱ្យនាងអាចជំនះឧបសគ្គដែលនាងជួបប្រទះក្នុងជីវិត។

តើអ្នកមានអ្វីបន្ថែមលើនេះទៀតទេ? សូមចែករំលែកជាមួយគ្នា ដើម្បីបង្រៀនកុមាររបស់យើងអោយអនាគតគេកាន់តែជោគជ័យ ហើយសង្គមស្រ្តីយើងកាន់តែរឹងមាំ។


No comments:

Post a Comment